ចាប់រថយន្តដឹកឥវ៉ាន់ របស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែល​បង្កប់​ដឹក​សត្វ​តុ​កែ ល្មើសច្បាប់

0

ភ្នំពេញ៖ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តដឹកឥវ៉ាន់ របស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលលួចបង្កប់ដឹក សត្វតុកកែ ជិតមួយពាន់ក្បាល ដែលសមត្ថកិច្ចថា អំពើល្មើសច្បាប់ !។នេះបើយោងហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿង ដែលលួចបង្កប់ដឹកសត្វតុកកែ ដោយខុសច្បាប់ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក លី សុផា បានឲ្យដឹងទៀតថា រថយន្តដែលកម្លាំងមេព្រៃ នៃផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់នេះជារបស់ក្រុមហ៊ុនក្រុមហ៊ុនវីរ: ប៊ុនថាំ ប្រភេទដឹកឥវ៉ាន់ ពាក់ស្លាកលេខ ភ្នំពេញ៣F៧២៣២ រថយន្តខាងលើនេះ ចេញដំណើរពីខេត្តមណ្ឌលគីរី ហើយចូលយកអីវ៉ាន់ នៅតាមសាខាក្នុងខេត្តនានា រហូតមកកាន់ខេត្តសៀមរាប។

ចំពោះសត្វតុកកែ ដែលពួកគេដឹកនោះ គឺយកពីខេត្តព្រះវិហារ មានចំនួន ២កេស ស្មើនឹង៩៨៤ក្បាល។

បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដកហូតមករក្សាទុកដើម្បីធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើ។ ចំណែកវត្ថុតាងជាសត្វតុកកែ កំពុងរង់ចាំចំណាត់ការពីថ្នាក់លើ ដើម្បីចាត់ការតាមនិតិវិធី៕