ប៉ូលិសដែលឈ្លោះជាមួយឆ្កែ និងអួតថា១អាទិត្យធ្វើការតែ១ថ្ងៃ ពេលនេះត្រូវសម្ដេច ស ខេង ដកតំណែងហើយ

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកតំណែង និងបណ្ដេញលោកអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ៦៥១៤៤ ជានាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ ។

នេះបើយោងតាមប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ។

សូមរំលឹកថា កាលពីពេលថ្មីៗ កន្លងទៅនេះ តាមរយៈសារសំឡេងដែលបែកធ្លាយ លោកអនុសេនីយ៍ឯក អ៊ុន សំអាត បាននិយាយអួតអាងថា ក្នុង ១អាទិត្យលោកធ្វើការតែ ១ថ្ងៃទេ រកស៊ី ៦ថ្ងៃ ព្រលឹមឡើងទៅស្អាង ល្ងាចឡើងត្ឡប់មកតាខ្មៅវិញ មិនដូចអ្នកខ្លះយាមទាំងយប់ទាំងថ្ងៃទេ ។ ដោយឡែកកាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល លោកអនុសេនីយ៍ឯក អ៊ុន សំអាត ក៏បានបង្ករឿងភ្ញាក់មួយទៀត ពោលគឺព្រោះតែរឿងខឹងឆ្កែព្រុសដេញខាំ លោកបានទាញកាំភ្លើងខ្យល់បាញ់ ៤គ្រាប់ នាំឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល ស្មានតែមានករណីអ្វីកើតឡើង ៕