កម្ពុជាស្នើថៃ កុំបញ្ជូនពលករខ្មែរ មកជាកំហុក

0

ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើទៅកាន់ភាគីថៃ សុំកុំអោយមានការបញ្ជូន បងប្អូនមកជាកំហុក ខណៈពេលដែលយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនអាជីវករក្នុងផ្សាររុងក្លឿ ប្រមាណ១មុឺន នាក់ បានឯកភាពគ្នាជាថ្មី។

យោងតាមគេហទំព័រហ្វេសប៊ុក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាជាមួយ លោកអភិបាលខេត្តស្រះកែវ ដើម្បីដោះស្រាយកិច្ចការបន្ទាន់ជាមួយភាគីថៃ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ភាគីទាំងពីរបាន ផ្តោតលើ ចំណុចសំខាន់មួយចំនួនរួមមាន៖

+ដោយសារស្ថានភាព នៃការដាលនៃជំងឺកូវីដ១៩ ពិសេសមេរោគបំលែងថ្មីDelta និងមានការបិទព្រំដែន មិនអោយបងប្អូនចូលមកទឹកដីកម្ពុជា១៤ថ្ងៃ ដូច្នេះខាងខេត្តបន្ទាយមានជ័យ ស្នើសុំខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធ សូមជួយសម្របសម្រួល ដោះស្រាយបញ្ហាបងប្អូន ប្រជាពលរដ្ឋដែលត្រឡប់មកទឹកដីកម្ពុជា ទាំងសុខភាព សុវត្ថិភាពពួកគាត់ ស្នើសុំកុំអោយមានការបញ្ជូន បងប្អូនមកជាកំហុក មានបញ្ហាអ្វីសូមផ្តល់ព័ត៌មានបន្ទាន់ មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលបងប្អូន តាមវិធានសុខាភិបាល។

+ដោយទទួលបានគោលការណ៍ ឯកភាពលើកមុនពាក់ព័ន្ធ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងផ្សាររុងក្លឿ ខេត្តស្រះកែវ ក្នុងជំនួបពិភាក្សាព្រឹកនេះ បានឯកភាពជាថ្មី នឹងអនុញ្ញាត្តជាគោលការណ៍រៀបចំ ការចាក់វ៉ាក់សាំង លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជូនអាជីវករលក់ដូរ ក្នុងផ្សាររុងក្លឿប្រមាណ ១០០០០នាក់ ពេលវេលាថ្ងៃណា នឹងជូនដំណឹងបន្ថែម ។

លោក អ៊ុំ រាត្រី បានឱ្យដឹងទៀតថា ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ រួមគ្នាបន្តកិច្ចសហប្រតិបត្តិការល្អក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាផ្សេងៗ តាមបន្ទាត់ព្រំដែន នៃប្រទេសទាំង២ ពិសេសការគ្រប់គ្រង បងប្អូនពលករទប់ស្កាត់ ការរីករាលនៃជំងឺកូវីដ១៩ ពិសេសមេរោគថ្មីDelta ៕