ភ្នំពេញ៖ បុរស២នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយយកឈ្មោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើរទាលុយ ពីក្លឹបហាត់ប្រាណ មួយកន្លែង នៅក្នុងភូមិ ត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា បុរសទាំង២នាក់ខាងលើ បានតាំងខ្លួនជា អ្នកសារព័ត៍មាន អង្គភាព “គេហទំព័រអំណាចទាំងបួន” និងក្រោយមកប្រាប់គេថា ខ្លួនជាក្រុមការងាររបស់ លោក ឃួង ស្រេងដែលបានទាលុយ ពីក្លឹបហាត់ប្រាណ មួយកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២រសៀលថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២១នៅចំនុចក្លឹបហាត់ប្រាណ MS Gym ក្នុងភូមិ ត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពដដែលបន្តថា បុរស២នាក់ បានជិះម៉ូតូ ០១គ្រឿងម៉ាក់ PCX ពណ៌ ស ស្លាក់លេខ តាកែវ 1Y-7820 ថាខ្លួនជាក្រុមការងាររបស់ លោក ឃួង ស្រេង និងបានទាលុយពីក្លឹបហាត់ប្រាណ ចំនួន 20$ ដោយថាក្លឹបហាត់នោះល្មើសបំរាមគោចរ ដោយជាក់ស្ដែង ក្លឹបខាងលើ មិនបានបើកដំណើរការនោះទេ និងបានដាក់ស្លាក់បិត នៅខាងមុខក្លឹបផងដែរ។
ដោយទទួលបានពត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ក៏បានចុះទៅដល់កន្លែង កើតហេតុនោះភ្លាម និងធ្វើការសាកសួរ រួចក៏បាននាំខ្លួនបុរសទាំង២នាក់ មកកាន់ប៉ុស្ដិ៍ដើម្បីសាកសួរ តែម្តងទៅ៕