ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដរកឃើញអ្នកចាក់វ៉ាក់សាំង លេខរៀងទី៨លាន ឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយទទួលថវិកា១០លានរៀល និងសម្ភារមួយចំនួនទៀត។
នៅបណ្ដាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «នៅថ្ងៃ១០ សីហានេះ កម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១ បាន៨លាននាក់រួចហើយ គឺស្មើនឹង៨០% នៃប្រជាពលរដ្ឋ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំងដោយមិនទាន់គិតពីកុមារ និងយុវវ័យដែលបាន និងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣»។
សម្ដេចតេជោ បន្ដថា ដំណើរឆ្ពោះទៅរក១០លាននាក់នៅមិនឆ្ងាយនោះទេ ដែលធ្វើឱ្យសម្រេចការងារមុនការកំណត់ ៧ទៅ៨ខែ បើប្រៀបជាមួយផែនការ ដើមដែលបានគ្រោងទុក។
សម្ដេចតេជោ មានប្រសាសន៍បន្ដថា «លេខរៀងទី៨លានគឺបានទៅលើប្អូនស្រីឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ខ្ញុំសូមអបអរសាទរចំពោះជ័យលាភីទី៨លានដែលបានចាក់វ៉ាក់សាំងJohnson&Johnsonដែលជាជំនួយរបស់សហរដ្ឋអាមេរិក»។
សម្ដេចតេជោបញ្ជាក់ថា លោកស្រី ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀល ព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់៕


