អាណិតណាស់! ជនបរទេសម្នាក់ អង្គុយស្លាប់នៅលើកៅអី ដោយមិនដឹងមូលហេតុ

0

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ បានចូលហូបបាយ ក្នុងហាងមួយកន្លែង ស្រាប់តែមានអាការៈមិនស្រួលខ្លួន រួចដាច់ខ្យល់ស្លាប់ នៅលើកៅអីដោយមិនទាន់ដឹងមូលហេតុ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១០ កែងនឹងផ្លូវលេខ៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ តូនី មានអាយុជាង ៦០ឆ្នាំ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា កន្លងមកគេតែងតែឃើញ បុរសជនជាតិបរទេសខាងលើ មកហូបបាយនៅក្នុងហាងមួយកន្លែងនេះ ជារៀងរាល់ថ្ងៃ លុះនៅព្រឹកថ្ងៃកើត ហេតុវេលាម៉ោងប្រហែល៩ ដោយបុរសខាងលើនេះ បានមកអង្គុយហូបបាយ ដូចធម្មតា ស្រាប់តែមានអាការៈមិនស្រួលខ្លួន រួចក៏បានហៅបងប្អូន ប្រជាពលរដ្ឋឱ្យជួយ ភ្លាមៗនោះ ពួកគាត់ព្យាយាមជួយ ទៅបុរសខាងលើនេះដែរ តែជាអកុសលបុរសខាងលើ បានដាច់ខ្យល់ស្លាប់ នៅលើកៅអីបាត់តែម្តង ក្រោយមកប្រជាពលរដ្ឋ បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកចំណុច ទីតាំងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយធ្វើការហ៊ុំព័ទ្ធ នៅចំណុចទីតាំងកើតហេតុ ខាងលើ រួចបានទំនាក់ទំនង ទៅផ្នែកជំនាញពិនិត្យសំណាក របស់ក្រសួងសុខាភិបាល ចុះមកពិនិត្យសំណាក លើបុរសខាងលើ ដោយគ្រូពេទ្យបានបញ្ជាក់ថា បុរសខាងលើគឺអវិជ្ជមានកូវីដ១៩ ហើយគ្រូពេទ្យផ្នែកខាងពិនិត្យសំណាក បានប្រគល់សពនេះ ឲ្យផ្នែកជំនាញកុសលវិច្ច័យចក្ខុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យ ទៅលើសពបុរសខាងលើ និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។