ភ្នំពេញ៖ ដោយអនុវត្តតាម បទបញ្ជារបស់ ឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ រុឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំធ្វេីការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប ជាក់ស្តែងករណី ផលិតកែច្នៃ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចរង្វង់មូលផ្សារដើមថ្កូវ ផ្លូវ៤៣០ ក្រុម១៧ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ភេទប្រុស ជនជាតិចិន ។
កាលពីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ម៉ោង0៤:០០នាទីទៀបភ្លឺ កម្លាំងល្បាត របស់អធិការដ្ឋាននគរបាលខណ្ឌចំការមន បានល្បាតដល់ចំណុចរង្វង់មូល ផ្សារដើមថ្កូវ ផ្លូវ៤៣០ ក្រុម១៧ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ឃើញជនសង្ស័យឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ជិះម៉ូតូម៉ាកឃ្លីកពណ៌ក្រហម ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានហៅឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ដោយបានរកឃើញ ម្សៅម៉ត់ពណ៌ស ចំនួន០៥កញ្ចប់ថង់ នៅក្នុងកាបូបស្ពាយពណ៌ខ្មៅ សមត្ថកិច្ចក៏បានធ្វើការដកហូត រួចនាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង យកមកអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ តាមនីតិវិធី។
ជាបន្ដនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០និង១០នាទី ការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយអធិការដ្ឋាន នគរបាលខណ្ឌចំការមន និងអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង ចុះទៅធ្វើការបំភ្លឺ អ្នកគ្រប់គ្រងសណ្ឋាគារ វីបូទិក ផ្លូវ១៤៣ កែងផ្លូវ៣០៤ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រកឃើញ លិខិតឆ្លងដែនចំនួន០១ច្បាប់(ថតចម្លង)មានឈ្មោះ HUANG XULONG និងទទួលបានព័ត៌មានមួយចំនួន លុះវេលាម៉ោង ១៥និង៣០នាទី ដោយមានការចូលរួមផ្ទាល់ពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យការិយាល័យ ប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយអធិការដ្ឋាន នគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នាំខ្លួនជនសង្ស័យ ឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ទៅបន្តឆែកឆេរខុនដូរ លំនៅដ្ឋាន អ៊ិល បឹងទំពុន សង្កាត់បឹងទំពុន២ ខណ្ឌមាជ័យ រកឃើញ វត្ថុតាងជាគ្រឿងញៀនរួមមាន៖ គ្រឿងញៀនគ្រប់ប្រភេទ សរុបទម្ងន់ប្រហែលជា ១០គីឡូក្រាម និងសារធាតុសង្ស័យ ផ្សេងទៀតប្រហែលជា៦គីឡូក្រាម ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែរៀបចំសំណុំរឿងបញ្ជូន ជនសង្ស័យជាជនជាតិចិន និងវត្ថុតាងជាគ្រឿងញៀន ទៅសាលាដំបូងរាជធានីភ្នពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕







