ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៦ សីហា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។
សូមរលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តី ពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។
ក្នុងចំណោមខេត្តទាំង៨រួមមាន៖
+ខេត្តកោះកុង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៥នាក់ និងមានករណីជាសះស្បើយ ចំនួន ៤៤នាក់ និងស្លាប់៣នាក់។
+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)
+ខេត្តប៉ៃលិន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ថ្មី និងជាសះស្បើយ ចំនួន៦នាក់ ។
+ខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៥០នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.០២៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៤៩២នាក់ និងកំពុងសម្រាកព្យាបាល១.៤៨៣នាក់ ស្លាប់៤៨នាក់។
+ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៨៥នាក់ថ្មី និងមានអ្នកជាសះស្បើយ ៣១៨នាក់ ។
+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ថ្មី ក្នុងនោះ (២៨ករណី សហគមន៍ និង៨ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន៨១ នាក់បន្ថែមទៀត។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.១៨៥ នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.៣១០ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៨៦៦ នាក់ ស្លាប់ចំនួន៩នាក់។
+ខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២១ បាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៤នាក់ថ្មី និងមានករណីជាសះស្បើយ៣០នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤០៤នាក់ និងកំពុងសម្រាកព្យាបាល២៩៤នាក់ ស្លាប់២នាក់។
+ខេត្តសៀមរាប នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៦នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន៩៤នាក់ និងស្លាប់ចំនួន០២នាក់ ។សូមបញ្ជាក់ថា គិត មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥១៧៥នាក់ បានព្យាបាលជាសះស្បើយចំនួន២៧៩៥នាក់ ស្លាប់៥៩នាក់ និង២៣២៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក៕