ភ្នំពេញ៖ ជនសង្ស័យ ប្រុស-ស្រី ចំនួន៦នាក់ ត្រូវបានកម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី ជួញដូរថ្នាំញៀន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង០៣និង៤៥នាទីរសៀល នៅផ្ទះជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងថា ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ប្រុសស្រីទាំង0៦នាក់ រួមមានឈ្មោះ
១/-ឈ្មោះ ផង តុលា ភេទប្រុស អាយុ ៣០ឆ្នាំ,
២/-ឈ្មោះ ផន សុហេង ភេទប្រុស អាយុ៣៤ឆ្នាំ ,
៣/-ឈ្មោះ កេង វណ្ណះ ភេទប្រុស អាយុ ៣៣ឆ្នាំ,
៤/-ឈ្មោះ នូវ ម៉ាប់ ភេទប្រុស អាយុ ៣០ឆ្នាំ ,
៥/-ឈ្មោះ ណំ វាសនា ភេទស្រី អាយុ២៦ឆ្នាំ,
៦/-ឈ្មោះ ណាត់ ណារី ភេទស្រី អាយុ២៨ឆ្នាំ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះថា ការបង្ក្រាបនេះសមត្ថកិច្ច ដកហូតបានវត្ថុតាងម្សៅសថ្លា ចំនួន៦កូនថង់តូចទម្ងន់៥១.០០ក្រាម ថ្លឹងទាំងសំបក,ថ្នាំគ្រាប់wy ពណ៌ក្រហម ចំនួន៣កូនថង់ ចំនួន១៥៩គ្រាប់,ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ចំនួន៧គ្រាប់,ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១ និងសំបកថង់,ទូរស័ព្ទដៃចំនួន០៣គ្រឿង និងឧប ករណ៍ជក់មួយចំនួន។
លោកស្នងការរង បានបន្តថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោយឃាត់ខ្លួនជនសង្ស័យទាំងនេះត្រូវបាន បញ្ជូនទៅធ្វើតេស្តសំណាក រកមេរោគកូវីដ១៩ ដើម្បីនាំយកមកសួរនាំ កសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការបន្តតាមច្បាប់៕



