ភ្នំពេញ៖ ជនជាតិថៃ ជនជាតិម៉ាឡេស៊ី ជនជាតិចិន ប្រុស-ស្រី ចំនួន២២នាក់ ត្រូវបានសមត្ថកិច្ចថៃ ធ្វើការឃាត់ខ្លួន ខណៈព្យាយាមលួចឆ្លងដែនខុសច្បាប់ ពីប្រទេសថៃមកកម្ពុជា ។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីទៀបភ្លឺថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិណងយ៉ាកែវ ឃុំណងសាមិត្ត ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ឈមនឹងកម្ពុជា ចំណុចភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
យោងតាមប្រភពព័ត៌មានការឃាត់ខ្លួននេះ ធ្វើឡើងក្រោមការដឹកនាំដោយលោកវរសេនីយ៍ទោ ជីណាវ៉ាត់ ឡាំងសាត មេបញ្ជាការកងរយ១២៦ បានដឹកនាំកម្លាំង ៧ន សហការជាមួយកម្លាំងអធិការស្រុកគោកធ្យូង ខណៈចុះល្បាតតាមបន្ទាត់ព្រំដែន បានប្រទះឃើញ និងឃាត់ខ្លួនជនជាតិថៃ ជនជាតិម៉ាឡេស៊ី និងជនជាតិចិន សរុបចំនួន២២នាក់ ក្នុងនោះជនជាតិថៃ ចំនួន១៨នាក់ (មានម្នាក់មេខ្យល់), ជនជាតិម៉ាឡេស៊ី ២នាក់ និងជនជាតិចិន ១នាក់។
ចំពោះមុខសមត្ថកិច្ច អ្នកទាំង២២នាក់ ដែលត្រូវបានឃាត់ខ្លួនខាងលើ បានសារភាពថា ពួកគេលួចឆ្លងដែនមកកម្ពុជានេះ គឺ ដើម្បីទៅធ្វើការនៅកាស៊ីណូ អនឡាញ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយឃាត់ខ្លួន និងសាកសួរ ជនជាតិថៃ ជនជាតិម៉ាឡេស៊ី ជនជាតិចិន ទាំង២២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចថៃ ឃុំខ្លួន ដើម្បីធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ និងបន្តអនុវត្តតាមវិធានការត្រួតពិនិត្យជំងឺកូវីដ-១៩៕