ភ្នំពេញ៖ បុរសម្នាក់ជិៈម៉ូតូបុកត្រាក់ទ័រសណ្តោង រ៉ឺម៉ក កំពុងឈប់លើចិញ្ចើមផ្លូវ ពីក្រោយបណ្តាលឲ្យស្លាប់ នៅហ្នឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ បានកើតឡើង កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤០នាទី ត្រង់ចំណុចភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៦៥-៣៦៦។
លោកវរសេនីយ៍ឯក ជិម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស្លាកលេខ សៀមរាម 1T-4659 បើកបរដោយឈ្មោះ តាន់ ពិទូ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច(មិនពាក់មួកសុវត្ថិភាព) បានបុកត្រាក់ទ័រមួយគ្រឿង មានសណ្តោងរ៉ឺម៉កចំពីក្រោយ ម៉ាក BERALRUS MTZ.80 បើកបរដោយមិនស្គាល់អត្តសញ្ញាណ កំពុងឈប់លើចិញ្ចើមផ្លូវខាងស្តាំបែរក្បាលទៅទិសខាងលិចដោយគ្មានបើកភ្លើងសញ្ញា។
លោកនាយការិយាល័យចរាចរណ៍ផ្លូវគោក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលអោយស្លាប់អ្នកបើកបរម៉ូតូឈ្មោះ តាន់ ពិទូ នៅនឹងកន្លែងកើតហេតុ ខូចខាតម៉ូតូចំនួនមួយគ្រឿង (ធ្ងន់) និងខូចខាតត្រាក់ទ័រសណ្ដោងរ៉ឺម៉កចំនួន ០១គ្រឿង (ស្រាល )។ ចំណែកអ្នកបើកបរត្រាក់ទ័របានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែងធ្វើកំណត់ហេតុ និងប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងទាំងពីរគ្រឿង កម្លាំងជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តនីតិវិធីច្បាប់បន្ត ៕



