ក្រោយបញ្ចប់ការសួរដេញដោល អស់ ១៩លើក ក្រសួងសាធារណការ និងភាគីពាក់ព័ន្ធ គ្រោងស្នើសុំគោលការណ៍ ឯកភាពធ្វើជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

0

ភ្នំពេញ៖ ក្រោយពីបានពិភាក្សា សួរដេញដោលចប់សព្វគ្រប់ ដោយប្រើអស់រយៈពេល ១៩លើក លើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោករួចមក ក្រុមការងារជំនាញ ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ គ្រោងស្នើសុំគោលការណ៍ ឯកភាពធ្វើជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ។

កាលពីព្រឹកថ្ងៃទី៤ សីហានេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ វីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្រសួងមហាផ្ទៃ មន្ត្រីជំនាញមកពីអង្គភាពក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្ត ទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ក្នុង គោលបំណងពិភាក្សា លើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យ ពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមាន លក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅឱ្យ អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យមកនៅកម្រិតទាបបំផុត។

លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យអង្គប្រជុំទាំងមូលចូលរួមផ្តល់ធាតុចូល និងមតិយោបល់ឱ្យបានផុលផុស ដើម្បីបំពេញបន្ថែមទៅលើចំណុច ខ្វះខាតនៃសេចក្តីព្រាងវិសោធនកម្ម ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីពន្លឿនការរៀបចំសេចក្តីព្រាង វិសោធនកម្មច្បាប់នេះឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីដាក់ឆ្លងកិច្ចប្រជុំ អន្តរក្រសួងនាពេលខាងមុខ។

សូមជម្រាបជូនថា វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ បានឆ្លងកាត់ការសិក្សា និងប្រជុំពិភាក្សា យ៉ាងផុលផុសពីសំណាក់ក្រុមការងារ ជំនាញសរុបចំនួន ១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សាចំនួន ២លើកបន្ថែមទៀតដែលដឹកនាំដោយ លោកទេសរដ្ឋមន្ត្រីនាពេលនេះផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សាលើវាក្យសព្ទ មាត្រាកែសម្រួលថ្មី និងមាត្រាបន្ថែមថ្មីនៃសេចក្តីព្រាង វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានឯកភាពបញ្ចូលការកំណត់ល្បឿន បើកបរនៅលើផ្លូវល្បឿនលឿន ចូលទៅក្នុងអនុក្រឹត្យស្តីពីការ កំណត់ល្បឿនមុនដំណើរការផ្លូវល្បឿនលឿន។

ក្រោយពីបានពិភាក្សាសួរដេញដោលចប់សព្វគ្រប់ និងដោយយល់ឃើញថា វិសោធនកម្មច្បាប់នេះបានធ្វើ ឡើងជាច្រើនលើកច្រើនសារ និងមានមាត្រាចំនួន៤៨ ក្នុងចំណោម៩២មាត្រា ត្រូវបានធ្វើវិសោធនកម្ម អង្គប្រជុំបានឯកភាពរៀបចំចងក្រងខ្លឹមសារ កែសម្រួលពាក្យពេចន៍ ឃ្លា ប្រយោគនៃវិសោធនកម្មច្បាប់នេះ ឱ្យបានច្បាស់លាស់ ដើម្បីគោរពស្នើសុំគោលការណ៍ ឯកភាពធ្វើជាច្បាប់ថ្មីពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

គួរកត់សម្គាល់ថា រយៈពេលកន្លងមក ការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ពិន័យរបស់ រាជរដ្ឋាភិបាលទៅលើបទល្មើស ចរាចរណ៍ផ្លូវគោក មិនមានបំណងរកប្រាក់ចំណេញទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញ អ្នកប្រើប្រាស់ផ្លូវទាំងឡាយ ទទួលបានសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះមហន្តរាយទាំងនេះ បានបន្សល់ទុកពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ។

ជាងនេះទៅទៀត ក្រសួងសាធារណការ សហការជាមួយក្រសួងមហាផ្ទៃ បាននិងកំពុងអភិវឌ្ឍ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក (App) និងដំណើរការរៀបចំ ប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញ សម្រាប់បណ្ណបើកបរ ៕