ក្មេងប្រុស២នាក់ លង់ទឹកស្លាប់ ក្នុងថ្ងៃតែមួយ

0

ភ្នំពេញ៖ ក្មេងប្រុសចំនួន០២នាក់ បានលង់ទឹស្លាប់ ដោយឡែកពីគ្នា ក្នុងថ្ងៃតែមួយ ដោយម្នាក់នៅស្រុកមង្គលបូរី និងម្នាក់ទៀតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មាន ពីនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២១ មានក្មេងប្រុស០១នាក់ ឈ្មោះ ឈួម លីហុង ភេទប្រុស អាយុ០៦ឆ្នាំ នៅភូមិគោគច្រាប ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានលង់ទឹកស្រះនៅខាងជើងពីផ្ទះចម្ងាយ ប្រហែល២០០ម៉ែត ដោយឪពុកម្តាយរវល់ទៅស្រែ ក្មេងរងគ្រោះនៅជាមួយជីតា។

នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ ប្រហែលជាម៉ោង០៨ព្រឹក ថ្ងៃទី០៣ ខែសីហា កុមារារងគ្រោះ ឈ្មោះរិន វ៉ាន់ អាយុ៧៤ធ្នាំ ត្រូវជាជីតា បានដើរទៅបេះផ្លែក្រសាំងនៅចំការខាងជើងផ្ទះចម្ងាយ២០០ម៉ែត្រ ដោយពុំដឹងថាចៅប្រុស ដើរតាមនោះឡើយ នៅពេលគាត់ត្រឡប់មកផ្ទះវិញ មិនឃើញចៅនៅផ្ទះក៏ដើរសួរក្មេងៗ ដែលលេងជាមួយ ឲ្យជួយដើររក ក៏ប្រទះឃើញស្បែកជើង នៅមាត់ស្រះ នៅពេលចុះរាវរកឃើញ សពក្មេងរងគ្រោះ បានលង់ទឹកស្លាប់បាត់ ទៅហើយ។

តាមការពិនិត្យក្មេងរងគ្រោះ ពិតជាស្លាប់ដោយលង់ទឹកស្រះ ស្លាប់ប្រាកដមែន។ សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកករណីមួយទៀត នៅស្រុកស្វាយចេក មានកុមារា ម្នាក់ ឈ្មោះសង ចាន់រុន អាយុ០៨ឆ្នាំ ជាក្មេងកើតជំងឺស្កន់ជាន់ មានទីលំនៅភូមិពន្សាយជើង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារលង់ទឹកស្រះផងដែរ។

បើតាមការឲ្យដឹងពីនគរបាល ប្រាប់ថា នៅចន្លោះ០២និង៤០នាទីរសៀល ដល់ម៉ោង០៧និង២០នាទីយប់ ថ្ងៃទី០៣ខែសីហា ឆ្នាំ២០២១ សង្ស័យក្មេងរងគ្រោះបានចុះងូតទឹកស្រះ ដែលនៅចម្ងាយពីភូមិ២០ម៉ែត្រ ដោយគ្មាននរណាដឹង ចំណែកឪពុកម្តាយរវល់ទៅស្រែនៅពេលត្រឡប់មកវិញមិនឃើញកូននៅនឹងផ្ទះ។

នគរបាលបានបញ្ជាក់ថា ពេលឪពុកម្តាយត្រឡប់មកពីស្រែវិញ ដោយបាត់កូនមិនឃើញក៏ដើររក ប្រទះឃើញសពកូនស្លាប់ ក្នុងទឹកស្រះ ចម្ងាយ២០ម៉ែត្រ ពីភូមិសង្ស័យនៅពេលដែលក្មេងកំពុង ងូតទឹកលេងម្នាក់ឯងនោះ ជំងឺស្កន់បានរើបណ្តាលឲ្យ ប្រកាច់ស្លាប់ ក្នុងទឹកដោយគ្មានអ្នកដឹង។

សពត្រូវបានឪពុកម្តាយ រៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកសង្រែង ៕