ភ្នំពេញ ៖ ក្នុងរយៈពេល០៤ថ្ងៃ ក្នុងការអនុវត្តបំរាមគោចរ នៃការបិទការធ្វើដំណើរ របស់បងប្អូន ប្រជាពលរដ្ឋចាប់ពីម៉ោង២១និង០០នាទី រហូតដល់ម៉ោង៣និង០០នាទីព្រឹក អាជ្ញាធរមានសមត្ថកិច្ចចម្រុះ ឲ្យគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បានធ្វើការឃាត់យានយន្ត គ្រប់ប្រភេទដែលល្មើសច្បាប់ បានចំនួនជាង១០០០គ្រឿង ក្នុងនោះ អាជ្ញាធរបានផាកពិន័យ នៅនឹងកន្លែងចំនួន ជិត៣០០គ្រឿង និងបានបញ្ជូនទៅរក្សាទុក នៅតាមបណ្តាខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ។ នេះជាការបញ្ជាក់ឱ្យដឹង របស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៣សីហា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ ។
ឧត្ដមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍លើកឡើងថា ការអនុវត្តនូវបម្រាមគោចរនេះនៅក្នុងថ្ងៃទី១ បានឃើញថា បងប្អូនប្រជាពលរដ្ឋជាច្រើនបានប្រព្រឹត្តល្មើស តែនៅថ្ងៃទី០២ បងប្អូនមួយចំនួន មានការចូលរួមច្រើន មានន័យថា អ្នកដែលល្មើសនឹងបម្រាមគោចរនេះ ហាក់ដូចជា មានការថយចុះជាច្រើន ។
ដោយឡែកសម្រាប់ថ្ងៃទី ០៣វិញឃើញថា ប្រជាពលរដ្ឋពិត ជាបានយល់ដឹងច្រើន ដោយនៅតាមដងផ្លូវនានា ខណៈដែល វេលាម៉ោងកំណត់នៃការបិទ បម្រាមគោចរ មកដល់គ្រប់ផ្លូវទាំងអស់ នៅក្នុងរាជធានីភ្នំពេញ មានលក្ខណៈស្ងប់ស្ងាត់ មិនមានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនោះទេ ។ ដែលនេះបង្ហាញឱ្យឃើញពីការចូលរួមរបស់បងប្អូនប្រជាពរដ្ឋ ក្នុងការអនុវត្តវិធានរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទបំរាមគោចរពីម៉ោង០៩យប់ដល់ម៉ោង០៣ភ្លឺ ។
ឧត្ដមសេនីយ៍ឯក ស ថេត បញ្ជាក់ថា ទោះបីជាយ៉ាងណាក្តី ក៏នៅមានចំណុចអវិជ្ជមានមួយចំនួនផងដែរ ដោយសារតែ មានម៉ូតូក្មេងៗប៉ុន្មានជា៣ទៅ៤គ្រឿង បានធ្វើដំណើរតាមដងផ្លូវ ល្មើសទៅនឹងបម្រាមនេះ ហើយក្រោយពីយើងធ្វើការឃាត់និងសាកសួរ គឺពួកគាត់ចេញពីធ្វើការនៅក្រុមហ៊ុនឯកជនមួយ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ករណីនេះ យើងត្រូវតែធ្វើការផាកពិន័យ ដើម្បីឲ្យពួកគាត់ចូលរួមអនុវត្ត ។
ឧត្ដមសេនីយ៍ឯក ស ថេត បញ្ជាក់ផងដែរថា ចំពោះបំរាមគោចរនេះ គឺមិនមានការលើកលែងឬ អប់រំនោះទេ បើទោះបីជាមន្ត្រីរាជការក៏ដោយ បើពួកគាត់មិនមានកាតព្វកិច្ចដើម្បីបំពេញការងារ ធ្វើដំណើររហេតរហូតគឺត្រូវ តែឃាត់និងធ្វើការផាកពិន័យ ដូចប្រជាពលរដ្ឋទូទៅដែរ ដើម្បីឲ្យពួកគាត់ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា៕