ភ្នំពេញ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គួច ចំរើន អភិបាល និងជាប្រធានគណកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានអញ្ជើញចូលជាអធិបតី ក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ប្រមាណជាង ៤៦៨គីឡូក្រាម នៃសំណុំរឿងចំនួន២០៥ ដើម្បីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងពិធីនេះដែរមានការអញ្ជើញជា គណៈអធិបតីពីប្រធានសាលាដំបូងខេត្តព្រះសីហនុ អយ្យការខេត្តទាំង៤ តំណាងលេខាធិការដ្ឋានគណ:កម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តទាំង៤ និងព្រមទាំងមានការអញ្ជើញ ចូលរួមពីសមាជិកគណកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្ដម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានជម្រាបជូនអង្គពិធីទាំងមូលថា គ្រឿងញៀនប្រមាណជាង ៤៦៨គីឡូក្រាម ដែលមន្ត្រីជំនាញបានដុតបំផ្លាញនាពេលនេះ គឺបង្រ្កាបបានពីបទល្មើស កាលពីឆ្នាំ២០២០ នៅក្នុងខេត្ត ចំនួន៣ រួមមានខេត្តព្រះសីហនុ កំពត និងខេត្តកែប ។
ក្នុងឱកាសនោះដែរលោក សៀង សុខ បានបញ្ជាក់ថា ការដុតបំផ្លាញគ្រឿងញៀននាពេលនេះ គឺជាសារឆ្លើយតប និងជាសកម្មភាពដែលបង្ហាញ ឲ្យសារធារណជនទូទៅបានឃើញថា វត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងនាំឲ្យមានភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាឱកាស ប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា មកប្រារព្ធនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នេះដោយសារបញ្ហាជំងឺកូវីដ១៩ ។
ជាមួយគ្នានេះលោក សៀង សុខ បានបន្ថែមថា ប្រទេសកម្ពុជាយើង បានប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ បណ្តាលមកពីការឆ្លង រីករាលដាលជំងឺកូវីដ-១៩ ពិតមែន តែមិនអាចរារាំងកិច្ចប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទូទាំងប្រទេសបានឡើយ ប៉ុន្តែវាគ្រាន់តែបង្កឲ្យមានផលវិបាកមួយចំនួន ក្នុងការបង្ក្រាបផងដែរជាមួយនេះ បញ្ហាជំងឺកូវីដ-១៩ នេះមានសភាពរីករាលដាលខ្លាំងក្លា ប៉ុន្តែវាអាចទៅដល់ទីបញ្ចប់នៅថ្ងៃណាមួយ តែបញ្ហាគ្រឿងញៀននេះ នឹងមិនងាយរកទីបញ្ចប់ឡើយ ហើយបរិមាណគ្រឿងញៀន ដ៏ច្រើនសន្ធឹកសន្ធាប់ប្រសិនបើ សមត្ថកិច្ចយើងបង្រ្កាបមិនទាន់ពេលវេលានោះទេ វានឹងពង្វក់ស្មារតីអូសទាញ ដល់ប្រជាពលរដ្ឋស្លូតត្រង់ ពិសេសយុវជនឱ្យប្រើប្រាស់ ដោយខុសច្បាប់បណ្តាលឱ្យ ខូចសុខភាពនិងឈាន រហូតដល់ប្រព្រឹត្តបទល្មើសជាអាទិ៍ អំពើឃាតកម្ម និងឧក្រិដ្ឋកម្ម បង្កភាពអសន្តិសុខក្នុងសហគមន៍ គឺមិនថានៅខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនបានចំនួនជាង ៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង ៧ពាន់នាក់ និងចាប់យកគ្រឿងញៀន បានសរុបជាង ៨៥០គីឡូក្រាម ៕