ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងឲ្យដឹងថា សុនខក្រុមទី១ ចំនួន៣ក្បាល ដែលបានហិតរកឃើញក្លិនសំណាក នៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺន ស្រាវជ្រាវបឋម ។
ក្នុងឱកាសចុះពិនិត្យ និងវាយតំលៃការងារសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខ ហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ លោក ហេង រតនា បានមានប្រសាសន៍ថា ក្រោយពីបានទទួលសំណាកក្លិន (VOC) អ្នកជម្ងឺកូវីដ១៩ ចំនួន៤៨សំណាក ពីក្រុមការងារបច្ចេកទេសនៃ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨ បានឆ្លងកាត់ត្រួតពិនិត្យ PCR និងការបណ្តុះមេរោគ (cell culture) ដើម្បីធានាសុវត្ថិភាពសំណាក ក្នុងការបំរើការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខស៊ីម៉ាក់ បានដំណើរការហ្វឹកហ្វឺនសុនខហិតក្លិន អ្នកផ្ទុកវីរុសកូវីដ១៩នេះតាមផែនការ ។
អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអបអរសាទរចំពោះ សុនខក្រុមទី១ ចំនួន៣ក្បាល ដែលបានហិតរកឃើញក្លិនសំណាក នៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺន ស្រាវជ្រាវបឋមនេះ ។ រីឯសុនខក្រុមទី២ ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ ជាលក្ខណៈបច្ចេកទេស សុនខអាចហិតរកឃើញក្លិនសំណាក ក្នុងរយ:ពេលប្រមាណតែ ១០-១៥វិនាទី» ។
លោកបន្តថា ការប្រើប្រាស់សុនខហិត អ្នកផ្ទុកវីរុសកូវីដ១៩ មានប្រសិទ្ធភាពសំរាប់ ហ្វូងមនុស្សប្រមូលផ្តុំច្រើន ដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។
លោក ហេង រតនា បានរំលឹកថា ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខ ហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងការរិះរកគ្រប់មធ្យោបាយ និងលទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩។ យើងខ្ញុំទាំងអស់គ្នាពិតជាមាន មោទនភាពចំពោះលទ្ធផល នៃការសិក្សាស្រាវជ្រាវនេះ និងមានក្តីសង្ឃឹមជឿជាក់ថា នឹងឆ្លើយតបតាមការរំពឹងទុក។ ជាមួយនេះដែរផ្អែកតាមអ្នកជំនាញ ឱ្យបានដឹងថា មិនទាន់មានភស្តុតាងផ្លូវការណាមួយ បញ្ជាក់ថាមានការឆ្លងវីរុសកូវីដ១៩ ពីមនុស្សទៅសុនខឡើយ។
សូមបញ្ជាក់ថា សុនខទាំងនេះកើតកម្ពុជា និងបានបង្វឹកដោយគ្រូជំនាញ សុនខកម្ពុជា ។ លោកក៏បានអរគុណផងដែរចំពោះ ក្រុមការងារបច្ចេកទេសនៃ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានផ្តល់កិច្ចសហការ និងចូលរួមយ៉ាងសកម្មក្នុង ការងារសិក្សាស្រាវជ្រាវនេះ ៕