ភ្លើងប្រចណ្ឌ! បុរសម្នាក់លួចដាក់ថ្នាំ ក្នុងទឹកប៉ងបំពុលសម្លាប់ប្រពន្ធ កូនទាំងគ្រួសារ

0

ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងករណី យកថ្នាំពុលដាក់ចូល ក្នុងធុងទឹក ប៉ុនប៉ងធ្វើឃាតប្រពន្ធចុង និងកូន ៣ នាក់ តែត្រូវបែកការ ខណៈបុរសរូបនេះប្រចណ្ឌទៅលើប្រពន្ធខ្លួន។

សេចក្ដីរាយការណ៍បានឱ្យដឹងថា មុនកើតហេតុប្ដី របស់ខ្លួនឈ្មោះ ចាប ឃួយ អាយុ៤០ឆ្នាំជាប្តីទី២ តែងតែបង្ករឿងឈ្លោះប្រកែក ជាមួយខ្លួនជាញឹកញាប់ ដោយសារតែរឿងប្រចណ្ឌ លុះដល់ថ្ងៃទី២៩ ខែកក្កដា កន្លងមកថ្មីៗនេះ ខ្លួនបាននិយាយទូរស័ព្ទ ហើយបុរសជាប្តីចុង នឹកគិតថាខ្លួន និយាយទូរស័ព្ទជាមួយសង្សា ក៏បានរករឿងឈានដល់ ឈ្លោះគ្នាយ៉ាងចាស់ដៃ ហើយក៏ចែកជើងគ្នា ទៅសម្រាករៀងៗខ្លួន។

លុះព្រឹកឡើងខ្លួន ជាប្រពន្ធបានងើបមកចាក់ទឹក កំសៀវ ដើម្បីផឹកដូចសព្វមួយដង ក៏ស្រាប់តែឃើញទឹក មានពណ៌ខៀវ រួចក៏ចាក់ចោល ហើយក៏ទៅចាក់ទឹកពីធុងទឹកសុទ្ធ ចំណុះ១៥មីត្រ ក៏ប្រទះឃើញទឹកមានពណ៌ខៀវដូចគ្នា ទៀតក៏កើតរឿងឆ្ងល់ ទើបដាក់ការសង្ស័យថា ប្រហែលជាប្តីយកថ្នាំពុល លាយជាមួយទឹក ដើម្បីសម្លាប់ខ្លួន ព្រមទាំងចៅ និងកូនចុងចំនួន៣ទៀត ឱ្យស្លាប់ទាំងអស់ ក្នុងពេលតែមួយ។

បន្ទាប់មកនាង ក៏បានទៅហៅមេភូមិ ឱ្យជួយពិនិត្យទឹក ដែលមានពត៌ខៀវនោះ ទើបដឹងនិងស្គាល់ថាជាទឹកលាយ ជាមួយថ្នាំសម្លាប់សត្វកណ្តៀរ។

ក្រោយពីពិនិត្យទឹកដឹង ថាលាយថ្នាំពុលស្ត្រីជាប្រពន្ធភ្លាមៗនោះ ក៏បានរត់ទៅប្តឹងដល់ កម្លាំងសមត្ថកិច្ច ឲ្យមកពិនិត្យម្តងទៀត ហើយផ្នែកជំនាញ ក៏បានសន្និដ្ឋានដូចអាជ្ញាធរ ភូមិហើយក៏សមត្ថកិច្ច ចុះទៅនាំខ្លួនប្តីចុង ដែលជាជនសង្ស័យ មកសាកសួរ ហើយជនសង្ស័យ បានសារភាពថា ដោយសារតែខ្លួន ខឹងនឹងប្រពន្ធ បានទាក់ទងជាមួយប្រុសផ្សេង ទើបមានគំនិត សម្លាប់ចោល ទាំងសំបុកបែបនេះ៕