ភ្នំពេញ៖លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( សុីណូវ៉ាក់)ចំនួន ១លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជា ទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ ស្អែកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។
សូមជម្រាបថា នៅក្នុងសីហានិងខែកញ្ញា ឆ្នាំ២០២១ខាងមុខ កម្ពុជានឹងទទួលវ៉ាក់សាំងសុីណូវ៉ាក់ចំនួន៥លានដូសបន្ថែមទៀត ក្នុងនោះខែសីហា មកដល់ចំនួន៣លានដូស និងខែកញ្ញាមកដល់ចំនួន ២លានដូស។ ក្នុងចំណោមវ៉ាក់សាំងទាំង ៥លានដូសនេះ គឺសម្រាប់ចាក់ជូន កុមារនិងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ និងសម្រាប់ចាក់ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ ឆ្នាំ ឡើងទៅផងដែរ។
ទន្ទឹមនឹងនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ ឆ្នាំ ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ តទៅ ដែលយុទ្ធនាការនេះ នឹងប្រារព្ធធ្វើក្នុងបរិវេណវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។
ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន៥ពាន់ដូស៕
សូមបញ្ជាក់ថា នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កំណើនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានចំនួនសរុប ៧,១៣១,១៨៤នាក់ស្មើនឹង ៧១.៣១%ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ៕