ដល់ថ្នាក់ហ្នឹងផង! សូម្បីតែម៉ាស៊ីនច្រូតតម្លៃថោក ក៏មេឃុំបត់ត្រង់ មិនអនុញ្ញាតឲ្យច្រូតដែរ ព្រោះខូចហាងឆេងម៉ាស៊ីន ក្នុងមូលដ្ឋាន

0

ភ្នំពេញ៖ មតិមហាជន ពិសេសគឺប្រជាកសិករ ក៏ដូចជាម្ចាស់ម៉ាស៊ីនច្រូតស្រូវ បានហួសចិត្តនិងលោកមេឃុំ បត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នេះបើយោងតាមលិខិត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការចុះកិច្ចព្រមព្រៀងជាមួយ ម្ចាស់ម៉ាស៊ីនច្រូតស្រូវ និងតំណាងម៉ាស៊ីនច្រូតស្រូវ នៅវាលក្នុងឃុំបត់ត្រង់ ដោយកំណត់តម្លៃ ២.១០០បាត ហើយមិនឲ្យមានម៉ាស៊ីនខាងក្រៅ ចូលទៅច្រូតនោះទេព្រោះតែខ្លាចធ្លាក់ថ្លៃ ។

ករណីនេះបានធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងឃុំបត់ត្រង់ ស្រុកបង្គលបុរី បានត្អូញត្អែរនិងរិះគន់ដល់អាជ្ញាធរឃុំថា មិនអនុញ្ញាតឲ្យម៉ាស៊ីនច្រូត ដែលមានតម្លៃទាបជាង (២០០០បាត ) ព្រោះថាមានគេម៉ៅការរួចអស់ទៅហើយ ទើបអាជ្ញាធរឃុំ មិនអនុញ្ញាតឲ្យម៉ាស៊ីនច្រូតស្រូវចូល ពីក្រៅឃុំទៅច្រូតតម្លៃទាប បាននោះទេ បើចង់ច្រូតទាល់តែតម្លៃដូចម៉ាស៊ីន នៅក្នុងភូមិឃុំរបស់លោក ទើបអាចឲ្យច្រូត ជាមួយគ្នានោះលោកមេឃុំ ក៏បានធ្វើកិច្ចសន្យាឲ្យច្រូត តម្លៃដូចម៉ាស៊ីនអ្នកម៉ៅការ នៅក្នុងភូមិឃុំរបស់លោកទើប លោកអនុញ្ញាតឲ្យម៉ាស៊ីនច្រូត ។

 

ប្រជាកសិករបានត្អូញត្អែរទៀតថា កសិផលដែលលោកខំធ្វើបាននោះ គឺដើម្បីអូសទាញយកម៉ា​​​​​ស៊ីនច្រូត មកច្រូតបានតម្លៃគួរសមក្រែងលក់ចេញ បានកម្រៃសល់ខ្លះដោយសារតែ ស្រូវមានតម្លៃថោកតែប៉ុណ្ណោះ ឲ្យច្រូតតាមតម្លៃលើ (២០០០បាត) លោកមិនមានសល់អ្វីទាំងអស់ ម៉ាស៊ីនអ្នក ដែលមកពីក្រៅ​ គឺលោកមេឃុំបត់ត្រង់ ស្រុកមង្គលបូរី ត្រូវបានធ្វើកិច្ចព្រមព្រៀងជាមួយម្ចាស់ម៉ាស៊ីន ច្រូតស្រូវឲ្យច្រូតតម្លៃលើ ( ២០០០បាត ) ដូចម៉ាស៊ីនដែលនៅក្នុង ភូមិឃុំរបស់លោកដែរ ។

បើយោងលិខិតសរសេរដៃ កិច្ចព្រមព្រៀងចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដែលសារព័ត៌មានក៏ទទួលបានដែរនៅថ្ងៃទី២៧ ​ ខែកក្កដា​ ឆ្នាំ២០២១ បានអោយដឹងថា៖ យើងខ្ញុំជាម្ចាស់ម៉ាស៊ីនច្រូត និងតំណាងម៉ាស៊ីនច្រូតស្រូវនៅក្នុងឃុំបត់ត្រង់ មាន១/ឈ្មោះ សរ ប៉ូលីន ភេទប្រុស ។ ២/ឈ្មោះ ម៉ាន់ ទី ភេទប្រុស ។ ៣/ ឈ្មោះ បូ ផល ភេទប្រុស និង៤/ឈ្មោះ ព្រំ វុន ភេទប្រុស និងលោក សៃ ឡៅ មេឃុំបត់ត្រង់ បានព្រមព្រៀងច្រូតស្រូវអោយ ប្រជាពលរដ្ឋក្នុងឃុំនេះចំនួន (២.១០០បាត) ក្នុងមួយហិចតានិងស្នើសុំ ១០០បាត/មួយហិចតា ដើម្បីចូលរួមអភិវឌ្ឍន៍ឃុំ ប្រសិនបើម្ចាស់ម៉ាស៊ីនច្រូត ប្រព្រឹត្តខុសពីកិច្ចព្រមព្រៀង ត្រូវទទួលខុសត្រូវចំពោះអាជ្ញាធរឃុំ ។

ក្រោយបែកធ្លាយលិខិតនេះ មានមតិចម្រុះ ដោយខ្លះថា មិនគួរលោក សៃ ឡៅ មេឃុំបត់ត្រង់ធ្វើអីប្លែកៗតែឯងដូច្នេះទេ តម្លៃនេះ ដូចជាថោក បើធៀបនឹងការច្រូតស្រូវ រដូវវស្សាកាលពីឆ្នាំ២០២០ ដែលបាន (២២០០ទៅ២៨០០បាត )ក្នុងមួយហិចតា ហើយតម្លៃប្រេង ពីមុនក៏ថោកជាងនេះដែរ ។

តែខ្លះថា តម្លៃអីៗគួរតែឡើងចុះតាមទីផ្សារ ខ្លះថា តម្លៃនេះថ្លៃ ព្រោះ រដូវបង្កបង្កើតផលនារដូវដំឡើង ស្រូវប្រាំងដើមលក់បានតម្លៃតែ ៧០០ទៅ៧៤០រៀល/ ក្នុងមួយគីឡូក្រាម គួរយកតែ ១.៦០០ទៅ១.៨០០បាត ក្នុងមួយហិចតាបានហើយ ម្យ៉ាងរងផលប៉ះពាល់ដោយជម្ងឺកូវីដ១៩ ផង និងខ្លះថា ការព្រមព្រៀងថ្លៃច្រូតនេះ ទំនងជាលោកមេឃុំមានខ្សែម៉ាស៊ីន ច្រូតឬទទួលលាភក្នុងនោះ ទើបលោកហ៊ានធ្វើកិច្ចសន្យាបែបនេះ ។

លោក ដា ស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់អ្នកសាព័ត៌មានយើងនៅ រសៀលថ្ងៃទី២៨ ខែកក្កដាថា៖ រដ្ឋបាលស្រុកបានស្តីបន្ទោស និងបានណែនាំអោយម្ចាស់ម៉ាស៊ីនច្រូតស្រូវ និងលោកមេឃុំបត់ត្រង់នោះ និរាសករណ៍ឬរំលាយលិខិតកិច្ចព្រមព្រៀង នោះហើយ។

លោកបន្តថា ថ្លៃថ្នូរលក់ដូរឬសេវានានាផ្នែកឯកជន គឺស្ថិតលើទីផ្សារ (ហាងឆេង) មិនអាចទៅកំណត់ថ្លៃក្នុង កិច្ចព្រមព្រៀងឬផែនការអីទេ ៕ ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ