ជនជាតិថៃ ១២នាក់ បម្រុងលួចឆ្លងដែន ចូលកម្ពុជា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ភ្នំពេញ៖ តម្រួតការពារព្រំដែនថៃ លេខ១២ បានឃាត់ខ្លួន ជនជាតិថៃ ១២នាក់ (ស្រី ៧នាក់) នៅក្បែខ្សែបន្ទាត់ព្រំដែន ខណៈពួកគេ បម្រុងលួចឆ្លងដែនចូលប្រទេសកម្ពុជា ដើម្បីរកការងារធ្វើ ។ ការឃាត់ខ្លួនធ្វើឡើង កាលពីព្រលប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៩ ឃុំណូនម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ ។

ក្នុងចំណោមជនជាតិថៃ ដែលឃាត់ខ្លួនទាំង ១២នាក់ មានមកពីខេត្តស្រះកែវ ៣នាក់ ខេត្តច័ន្ទបុរី ៣នាក់ ខេត្តកានចៈណាក់បុរីម្នាក់ ខេត្តសាមុទ្រសាខនម្នាក់ ខេត្តឈៀងម៉ៃម្នាក់ ខេត្តខនកែនម្នាក់ ខេត្តប្រាជីនបុរីម្នាក់ និងខេត្តនគរណាយ៉ុកម្នាក់ ។

ពួកគេបានសារភាពថា ការលួចឆ្លងដែននេះ គឺអាចធ្វើឲ្យពួកគេសល់កម្រៃ ពីការជួលមេខ្យល់នាំផ្លូវ ដោយចូលទៅធ្វើការ នៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត បើទៅដល់ទីនោះក្រុមហ៊ុន នឹងជួយគ្រប់យ៉ាង រួមទាំងការហូបចុក និងការស្នាក់នៅ ៕