ផ្អើលអស់ពលរដ្ឋក្រុងសិរីសោភ័ណ! ក្មេងស្ទាវ ១ក្រុម ជិះម៉ូតូដេញកាប់ និងគប់ដុំថ្ម ទៅលើយុវជនម្នាក់ បណ្ដាលឲ្យរបួស…

0

ភ្នំពេញ៖ បើយោងតាមសាក្សី នៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានក្រុមក្មេងស្ទាវ១ក្រុមបានធ្វើសកម្មភាពជិះម៉ូតូចំនួន ២គ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ខ្មៅ១គ្រឿង និងម៉ូតូម៉ាកហុងដា CD ពណ៌ខ្មៅ១គ្រឿង បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ និងដុំថ្មគប់ទៅលើជនរងគ្រោះបណ្ដាល ឱ្យរងរបួសដៃខាងឆ្វេង ១កន្លែង និងបែកអាវម៉ូតូខាងស្ដាំ១កន្លែង បណ្ដាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងស្ទាវ បានបើកម៉ូតូរត់គេចខ្លួនបាត់អស់ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ចាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណបានឱ្យដឹងថា លោកបានទទួលសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ និងដោយទទួលបាននូវ ពាក្យបណ្ដឹងពីជនរងគ្រោះផង លោកបានដឹកនាំកម្លាំងចុះ ដល់កន្លែងកើតហេតុ ហើយសួរនាំអំពីដំណើររឿង ដែលបានកើតឡើង ព្រមទាំងប្រមូលរាល់ភស្ដុតាង ដោយសហការជាមួយ ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ ដើម្បីយករូបភាពតាមរយ:កាមេរ៉ាសុវត្ថិភាព ទើបឈានដល់កំណត់មុខសញ្ញាបាន ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តទៀតថា ដោយផ្អែកលើរូបភាពកាមេរ៉ាសុវត្ថិភាព លោកបានដឹកនាំកម្លាំងធ្វើការ ស្រាវជ្រាវរហូតដល់ថ្ងៃទី២១ ថ្ងៃ ខែ ឆ្នាំ ដដែល បានរកឃើញក្រុមក្មេងស្ទាវ នៅចំណុចតារាងបាល់តាកី ស្ថិតក្នុងភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ពេលនោះកម្លាំងបានធ្វើប្រតិបត្តិការបង្ក្រាប តែក្រុមក្មេងស្ទាវដឹងខ្លួនទាន់ ហើយរត់គេចខ្លួនអស់ បន្សល់ទុកនៅតែម៉ូតូ១គ្រឿងម៉ាកស្គុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1U-6386 ។

ករណីខាងលើនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណនៅតែបន្ត ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ យូរ បញ្ញា ហៅខ្នារ ភេទប្រុស អាយុ១៩ឆ្នាំ នៅចំណុចផ្លូវចុះរោងចក្រទឹកស្អាត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមទាំងដកហូតម៉ូតូ ១គ្រឿងម៉ាកហុងដាCD ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V-4750 ដែលជាម៉ូតូជិះធ្វើសកម្មភាព ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យរូបនេះ ក្រោយពីកម្លាំងជំនាញសាកសួររួចមក បានឆ្លើយសារភាពថា រូបគេមានគ្នាចំនួន ៤នាក់
១/-គឺជារូបខ្លួន ឈ្មោះ យូរ បញ្ញា (ខ្នារ) ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
២/-ឈ្មោះ អាំង​ ពុយរាំង (បារាំង) ភេទប្រុស អាយុប្រហែល១៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
៣/-ឈ្មោះ រ័ត្ន អាយុប្រហែល១៦ឆ្នាំ មិនស្គាល់លំនៅដ្ឋាន
៤/-មិនស្គាល់ឈ្មោះ ត្រូវជាមិត្តភ័ក្ររបស់ឈ្មោះ រ័ត្ន ពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ និងគប់ដុំថ្មទៅលើជនរងគ្រោះឈ្មោះ ផេម​ ទីណា ភេទប្រុស​ ពិតប្រាកដមែន ដោយឈ្មោះ រ័ត្ន យកកាំបិតប៉័ងតោគប់ និងឈ្មោះ បារាំង បានគប់ដុំថ្ម ទៅលើឈ្មោះ ផេម​ ទីណា ផងដែរ ចំណែករូបគេជាអ្នកឌុបឈ្មោះ រ័ត្ន តែប៉ុណោះ ។

ដោយផ្អែកលើភស្ដុតាង និងចម្លើយសារភាព ព្រមទាំងផ្អែកលើពាក់បណ្ដឹងរបស់ជនរងគ្រោះ និងសាក្សី ដូច្នេះ ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមក ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកជនដៃដល់ និងបក្សពួកនៅសេសសល់កម្លាំង​ អ.ហ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យ​និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ៕