ឆមាសទី១ បង្រ្កាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ជិត២០០ករណី ទោះបីស្ថិត ក្នុងស្ថានភាព កូវីដ១៩

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ទោះបីស្ថិតក្នុងស្ថានភាព នៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ នៅ ឆមាសទី១ឆ្នាំនេះ បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ មានការកើនឡើងរហូត ទៅដល់១៩៨ករណី កើនឡើងចំនួន ១៣៥ករណី ធៀបនឹងឆ្នាំ២០២០ ។

យោងតាមលទ្ធផលការងារ ប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ សម្រេចបាន ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១ សម្ដេច ស ខេង បានឱ្យដឹងថា «នៅក្នុងឆមាសទី១នេះដែរ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៩៨ករណីលើ៦៣ករណី កើនឡើងចំនួន ១៣៥ករណី ធៀបនឹងឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ២៩១នាក់ និងបានសង្រ្គោះជនរងគ្រោះចំនួន ៧២១នាក់ ក្នុងនោះមានៈ អាយុក្រោម១៥ឆ្នាំ ៨៨នាក់ អាយុ១៥-១៧ឆ្នាំ ៦៣នាក់ និងអាយុពី១៨ឆ្នាំឡើង ៥៧០នាក់ ដោយប្រគល់ឱ្យមន្ទីរសង្គមកិច្ច ២៥នាក់ និងប្រគល់ឱ្យគ្រួសារ ៦៩៦នាក់»។

សម្តេចក្រឡាហោម ស ខេង បន្តអំពាវនាវទៅដល់បងប្អនប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នៅតាមមូលដ្ឋានបន្ថែមទៀត៕