ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០០និង៣០ នាទីឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិចំការឫស្សីសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រតិបត្តិការនេះធ្វើឡើងដោយ អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួល លើនីតិវិធីពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបធ្វើការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតភ្ជង់យកម៉ូតូ និងទូរស័ព្ទដៃ) ១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះឡាច ងួនយី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ ១៣មករាសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួន មុខសញ្ញារូបនេះគឺបន្ទាប់ពីមុខសញ្ញាខាងលើ និងបក្សពួកគេ បានធ្វើសកម្មភាពដោយប្រើប្រាស់ កាំបិតភ្ជង់យកម៉ូតូនិងទូរស័ព្ទដៃ ពីជនរងគ្រោះ ឈ្មោះ ឃុយ ចាន់ដារ៉ាវត្តី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ៤និង០០នាទីនៅចំណុចភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបងនិងបានធ្វើសកម្មភាពដោយ ប្រើប្រាស់កាំបិតភ្ជង់យកទូរស័ព្ទដៃម៉ាក HUAWEI ពណ៌មាសពីជនរងគ្រោះឈ្មោះ ព្រួញ សុភក្រ្ត័ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ២និង៣០ នាទី នៅចំណុចភូមិចំការឫស្សីសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ផ្តើមពីការសាកសួរស្រាវជ្រាវនេះ ជនសង័្សយខាងលើបានសារភាព អំពីសកម្មភាពរបស់ខ្លួន រួមជាមួយនឹងបក្សពួកម្នាក់ទៀត ដែលរួមគ្នាធ្វើសកម្មភាពដូចករណីខាងលើ ហើយនៅវេលាម៉ោង ១០និង៤៨នាទីថ្ងៃដដែល នេះសមត្ថកិច្ចបានសម្រេច នាំខ្លួនបក្សពួកគេនោះម្នាក់ទៀត នៅចំណុចបន្ទប់ជួលស្ថិតក្នុងក្រុមទី៥ ភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង គឺឈ្មោះ សារ៉ម លី ហៅ ជីន ភេទប្រុស អាយុ៤២ ឆ្នាំមានទីលំនៅភូមិដាំស្ពៃសង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន៖ ម៉ូតូម៉ាក ហុងដា ឃ្លីក ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ លេខតួ 5211887លេខម៉ាស៊ីន 0211887 គ្មានស្លាកលេខ ១គ្រឿង (ជារបស់ជនរងគ្រោះ), ទូរស័ព្ទដៃម៉ាកHUAWEIពណ៌មាស០១ គ្រឿង (ជារបស់ជនរងគ្រោះ), ដំបងដែកពណ៌ខ្មៅ ១ដើម, កាំបិតកែច្នៃដងដែក ១ដើម, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន, ប្រាក់ដុល្លាក្លែងក្លាយ មួយចំនួន ។
បច្ចបច្ចុប្បន្នការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមច្បាប់ ៕