ចាប់ខ្លួនចោរដាច់យ៉ៃ ២នាក់ ក្រោយលួចផាលគោ​យន្ត ភ្ជួរដីស្រែ

0

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចវាលស្រែ ស្ថិតក្នុងក្រុមទី៣៣ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់​ដំ​បង​ មានករណីបទលួច (ផាលភ្ជួរដីស្រែ) ​ដែលភ្ជាប់ពីក្រោយគោយន្តមួយ កើតឡើងបង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចដោះ ផាលគោ​យន្តកន្ត្រៃរបស់ជនរងគ្រោះឈ្មោះ ឡុង ហ៊ាន ភេទប្រុស អាយុ ​២៦ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល​ខេត្តបាត់ដំបង​ ដែលគាត់មកព្យួដីនៅក្នុងមូលដ្ឋាន កើតហេតុខាងលើ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលស្រុកថ្មគោល បានទទួលព័ត៌មាននេះ​ និងដោយអនុវត្តតាមយោបល់ ដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមទាំងយោបល់លោកវរ​សេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍​ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បាន​ដឹកនាំធ្វើការស្រាវជ្រាវ​ រហូតកំណត់​មុខសញ្ញាបាន និងឈានទៅធ្វើការឃាត់ខ្លួនតែម្តង។

ជនសង័្សយទាំង ២នាក់នោះគឺ៖ ១-ឈ្មោះ ម៉ុន ចន្រ្ទា ភេទប្រុស អាយុ២៦ឆ្នាំ រស់​នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំ​បង​។ ២-ឈ្មោះ សម្បត្តិ យ៉េត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល​ខេត្តបាត់ដំបង​។

សម្ភារៈភស្តុតាង ដែលដកហូតបានរួមមាន៖ ផាលគោយន្តកន្រ្តៃចំនួន១ និងកូនសោមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានរៀបចំក​សាងសំណុំរឿង បញ្ជូនជនសង័្សយមកកាន់ការិ​យាល័យជំ នាញអនុវត្តតាមច្បាប់​ រីឯវត្ថុតាងបាន​ប្រគល់ជូនម្ចាស់វិញ ៕