ភ្នំពេញ៖ មេតាណុល និងអេតាណុល (អាល់កុលក្លែងក្លាយ) សរុបចំនួន៦២៩កាន ស្មើនឹង១៨.៨៧០លីត្រ ត្រូវបានមន្ត្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បង្ក្រាបបាននៅរាជធានីភ្នំពេញ ។
បន្ទាប់ពីបានទទួលករណី សង្ស័យលើការចរាចរអាល់កុលក្លែងក្លាយលើទីផ្សារ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានការណែនាំពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានចុះអង្កេតតាមបណ្តោយផ្លូវ ៣៧១ លើមធ្យោបាយដឹកជញ្ជូនជាម៉ូតូកង់បី និងរថយន្តដឹកអាល់កុល ជាលទ្ធផលជាក់ស្តែងពិនិត្យឃើញថា ជាសារធាតុមេតាណុល ហើយឃាត់បាន ម៉ូតូកង់បី៤គ្រឿង និងរថយន្តកូរ៉េ១គ្រឿង សរុបមានអាល់កុលចំនួន១១២កាន ស្មើនឹង៣.៣៦០លីត្រ។
បន្ទាប់ពីបានធ្វើកំណត់ហេតុ មន្រ្តីជំនាញបានបញ្ជូនមធ្យោបាយជាវត្ថុតាង ទៅរក្សាទុកនៅអគ្គនាយកដ្ឋានជាបឋម ហើយបានកំណត់មុខសញ្ញាទីតាំងឃ្លាំងស្តុកទុក ចែកចាយ ដោយតាមឃ្លាំមើលជាប្រចាំ។
លុះព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំនីតិវិធីចុះឆែកឆេរទីតាំងស្កុក ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាបានចុះត្រួតពិនិត្យ ដកហូតនិងឃាត់ទុកបណ្តោះអាសន្ន មេតាណុល និងអេតាណុលសរុបចំនួន៦២៩កាន ស្មើនឹង១៨.៨៧០លីត្រ នៅទីតាំងស្តុកទុកមួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចចម្រុះសម្រេចបិទសៀល ឃ្លាំងជាបណ្តោះអាសន្ន ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ប្រតិបត្តិការនេះ ប្រព្រឹត្តទៅដោយមានការចូលរួម ពីអាជ្ញាធរមូលដ្ឋានផងដែរ៕