ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១៖២០នាទី នៅចំណុចភូមិកន្ទឺ២ ឃុំបាណន់ ស្រុកបាណន់ ខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប សហការ ជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកបាណន់ចុះប្រតិបត្តិការ បង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (គប់ដុំថ្ម និងប្រើប្រាស់កាំបិតកាប់) ១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ ម៉ា ចិទ្រី ហៅ ស ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖ កាំបិតខ្វែវ ចំនួន ២ដើម, កាំបិតប៉័ងតោ ១ ដើម, ពូថៅ ១ដើម, កាំភ្លើង កែច្នៃ ១ដើម ។
សូមជម្រាបជូនថា មុនពេលឃាត់ខ្លួននេះជនសង្ស័យខាងលើនេះ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយមួយក្រុមដែលមួយចំនួន (កំពុងគេចខ្លួន) បានធ្វើសកម្មភាពដេញកាប់ នឹងគប់ដោយដុំថ្មទៅលើ ក្រុមក្មេងៗដូចគ្នា មួយក្រុមទៀតបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងអ្នកផ្សេងទៀតមានរបួស បែកក្បាលរបួសជើង និងរបួសភ្លៅ ។
ក្រោយកើតហេតុ និងបន្ទាប់ពីទទួលបាននូវព័ត៌មាននេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានទៅកំណត់បានមុខសញ្ញាពួកគេ និងឃាត់ខ្លួនបានជនសង័្សយខាងលើ ក្នុងចំណោមបក្សពួកផ្សេងទៀត ។
បច្ចុប្បន្នការិយាល័យជំនាញ បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមច្បាប់ ៕