វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជា

0

ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម របស់ប្រទេសចិន ចំនួន១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញបានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ។

គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង១៧លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩ ដែលកម្ពុជាទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ចិន ។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំង ជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល នឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ចំនួន១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពិចារណាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដូសទី៣ និងក្រុមមនុស្សដែលមានអាយុក្រោម ១៨ឆ្នាំ ផងដែរ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសចំនួន ៦,៣៣៤,៣៧៨នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦៣.៣៤% ៕