ស្លុតចិត្ត! បុរសម្នាក់​ ត្រូវរថយន្តបុកស្លា.ប់ ពេលជិះម៉ូតូចេញមកពីលេងកូន

0

ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តឡង់គ្រីស័របុកនិងកិនបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូចេញពីលេងកូន បានទាក់ដៃចង្កូតជាមួយរថយន្តបណ្ដាលឲ្យដួលមកកណ្ដាលផ្លូវ កាលពីម៉ោងជាង១០យប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ អ៊ី ឌូ អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Let’s ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HG-8009 មកលេងកូនប្រុសអាយុ៣ឆ្នាំដែលនៅជាមួយម្ដាយមីងក្បែរកន្លែងកើតហេតុ រួចក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញនៅម្ដុំវត្តឫស្សីសាញ់។ ខណៈជនរងគ្រោះជិះម៉ូតូចេញបានប្រហែល១០០ម៉ែត្រក៏បានទាក់ដៃចង្កូតជាមួយរថយន្តឡង់គ្រីស័រមួយគ្រឿងមិនចាំស្លាកលេខ បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កបានបើកគេចបាត់ស្រមោលពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្ដោះអាសន្ន រង់ចាំស្រាវជ្រាវរករថយន្តបង្កហេតុមកដោះស្រាយតាមច្បាប់។

ចំណែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅវត្តឫស្សីសាញ់ ធ្វើបុណ្យតាមប្រពៃណី៕