ភ្នំពេញ៖ មន្ត្រីយោធា ម្នាក់ បានដេកស្លាប់ នៅក្នុងអង្រឹង នៅ កន្លែងប៉ុស្តិ៍យាម ទប់ស្កាត់ពលករ ឆ្លងដែនខុសច្បាប់ នៅ ព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ គេ ប្រទះឃើញសពដេកស្លាប់ នៅវេលា ម៉ោង ៦និង៣០នាទី ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនរងគ្រោះ ដែលដេកស្លាប់ មានឈ្មោះ ជិន ឈុត ឋានន្តរស័ក្តិអនុសេនីយ៍ឯក ( ស័ក្តិ ៣) ឋានៈ ជា មេបញ្ជាការរងកងអនុសេនាធំទី ២ កងឯកភាព តំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ ។
ប្រភពដដែលបន្តថា នៅ ម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២១ គេប្រទះឃើញគាត់ដេកស្លាប់ លើអង្រឹងនៅ កន្លែងប៉ុស្តិ៍យាម ត្រួតពិនិត្យ ទប់ស្កាត់ពលករឆ្លងដែន ខុសច្បាប់ នៅ ព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ក្នុងនោះ មាន កងកម្លាំងនគរបាលវរសេនាតូចការពារ ព្រំដែនគោកលេខ ៨០៧ និងកម្លាំងយោធា ៦ នាក់ នៅជាមួយផងដែរ។
នគរបាល បានបញ្ជាក់ឲ្យដឹងថា ករណីមន្ត្រីយោធា ដេកស្លាប់ គ្មានអ្នកណា បានដឹងនោះ បើ តាមការអះអាងឲ្យដឹងពី ក្រុមគ្រួសារសព មុនពេលស្លាប់ ប្តីរបស់គាត់ បានទៅផ្ទះ ហើយ ប្រាប់ថា មិនស្រួលខ្លួន មាន អាការៈ ឈឺក្បាល បន្ទាប់មកគាត់ បានកោសខ្យល់ឲ្យ រួចក៏ត្រឡប់មក កន្លែងធ្វើការវិញ លុះ ព្រឹកឡើងលឺដំណឹង ថាប្តីគាត់ស្លាប់។
ក្នុងនោះ គេ បានរាយការណ៍ ទៅ នគរបាលជំនាញ ក៏ដូចជា គ្រូពេទ្យចុះមក ដើម្បីពិនិត្យ លើ ខ្លួនសព។
នគរបាលបានបន្តថា សពជនរងគ្រោះ គ្រូពេទ្យបានធ្វើ ការយកសំណាក តេស្តរកមេរោគកូវីដ១៩ លទ្ធផល អវិជ្ជមាន (-) ។ គ្រូពេទ្យបញ្ជាក់ថាមន្ត្រីយោធា ដែលស្លាប់នេះ គាត់កើតជម្ងឺខ្វះ ជាតិស្ករ ហើយសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅ ចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ហើយផងដែរ៕