ភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ ខាងមុខ វ៉ាក់សាំង AstraZeneca ចំនួន១លានដូស ដេលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងដឹកមកដល់ប្រទេសកម្ពុជា។
យោងតាមការចេញផ្សាយរបស់ទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា ការមកដល់នៃវ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅទទួលផ្ទាល់ផងដែរ។
ការអញ្ជើញទទួលវ៉ាក់សាំងនៅព្រលានយន្តហោះ នាថ្ងៃទី២៣ កក្កដា របស់សម្តេចតេជោ គឺជាការអញ្ជើញទទួលវ៉ាក់សាំងប្រទេសជាមិត្ត លើកទី២ហើយ។ ដោយលើកទី១ កាលពីថ្ងៃទី៧ កុម្ភៈ សម្តេចតេជោ អញ្ជើញទទួលវ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាល ចំនួន៦០ម៉ឺនដូស។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ កក្កដា រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា ។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន-កម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។
វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណ ផលិតក្នុងប្រទេសជប៉ុន នឹងត្រូវដឹកជញ្ជូនមកដល់រាជធានីភ្នំពេញនៅថ្ងៃ ២៣ កក្កដា ក្រោយពេលរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។ ជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា ។
សូមបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបប្រមាណជាង៥០លានដុល្លារ ដល់កម្ពុជាដែលរួមមាន ការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ ៕