ភ្នំពេញ ៖ ទណ្ឌិតមណ្ឌល អប់រំកែប្រែទី៤ម្នាក់ បានស្លាប់ដោយសារជម្ងឺគាំងបេះដូង កាលពីថ្ងៃច័ន្ទទី១៩ ខែកក្ដដា ឆ្នាំ២០២១ វេលាម៉ោង០៨ និង១០នាទី នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។
តាមរបាយការណ៍ពីលោក យិន ស៊ីផុន ថាមានករណីទណ្ឌិត មណ្ឌលអប់រំកែប្រែទី៤ស្លាប់ម្នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ទណ្ឌិតឈ្មោះ ម៉ែន ប៊ុនធឿនអាយុ៤៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ជាប់ទោសពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់ នៅសារធាតុញៀន ឃុំខ្លួនថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ កម្រិតទោស០៣ឆ្នាំ រងទោសបាន០១ឆ្នាំ ០២ខែ ១៨ថ្ងៃ ទោសសល់០១ឆ្នាំ ០៩ខែ ១២ថ្ងៃ ផុតទោសថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ បញ្ជូនមកពីមណ្ឌលអប់រំកែប្រែទី១ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ។
យោងតាមការពិនិត្យសាកសពរបស់គ្រូពេទ្យជំនាញកោសល្យវិច្ច័យខេត្តពោធិ៍សាត់ សន្និដ្ឋានបានថាទណ្ឌិតឈ្មោះ មែន ប៊ុនធឿន ស្លាប់ដោយសារគាំងបេះដូង សាកសពស្លាប់លើសពី៤ម៉ោងឡើង មិនមានពាក់ពន្ធ័ និងអំពើហិង្សា ឬឃាតកម្មឡើយ ។
បច្ចុប្បន្នសពទណ្ឌិតឈ្មោះ ម៉ែន ប៊ុនធឿន បានប្រគល់ឲ្យទៅឈ្មោះ ផាត ពង់ ភេទស្រីអាយុ ៤៧ឆ្នាំ ត្រូវជា ប្រពន្ធសព ដើម្បីបន្តរៀបចំធ្វើបុណ្យតាមប្រពៃណី ៕