ភ្នំពេញ៖ ផ្សារសេះស ដែលស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ត្រូវអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ចំពោះករណីមានអគ្គិភ័យនេះ បើតាមការសន្និដ្ឋាន របស់អាជ្ញាធរមូលដ្ឋាន បានអះអាងថា ការឆាបឆេះតូបផ្សារសេះស ស្ទើរទាំងស្រុង នេះអាចផ្តើមឡើងដោយសារទុសេខ្សែចរន្តអគ្គិសនី ខណៈក្រុមអាជីវករបិទតូប ក្នុងផ្សារវិលត្រឡប់ ទៅកាន់លំនៅឋានវិញ ហើយមិនបានបិទបារ៉ែត ឬ បិទកុងតាក់ភ្លើង ការប្រើខ្សែភ្លើងចាស់ ឬឆ្លងតាមមុខតំណ ទើបបណ្តាលឲ្យចរន្តភ្លើងឆ្លងគ្នា បង្កជាអណ្តាតភ្លើងឆាបឆេះតែម្តង។
ក្នុងករណីឆេះផ្សារនេះ គេសង្កេតឃើញក្រុមពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកែប ប្រើប្រាស់រថយន្តពន្លត់ចំនួន០៤គ្រឿង និងរថយន្តសង្គ្រោះពន្លត់អគ្គិភ័យខេត្តកំពតជាច្រើនគ្រឿងទៀត បានសហការគ្នាជួយពន្លត់ ដែលធ្វើឲ្យអំណាចភ្លើងថមថយបន្តិច។ ប៉ុន្តែដោយសារភ្លើងបានឆាបឆេះពេញបន្ទុកជាយូរទៅហើយនោះ នឹងបានបំផ្លាញសម្ភារៈ របស់របរ និងមុខទំនិញរបស់ក្រុមអាជីវករ តាមតូបនីមួយៗក្លាយទៅជាផេះស្ទើរទាំងស្រុងទៅហើយ។
ចំពោះទំហំ នៃការខូចខាតសម្ភារៈ មុខទំនិញ ដោយសារអគ្គិភ័យលេបត្រ បាក់នោះ គេមិនទាន់ស្រង់តួលេខឲ្យបានជាក់លាក់នៅឡើយ ប៉ុន្តែបើតាមក្រុមជំនាញ និងអាជ្ញាធរបានបញ្ជាក់អះអាងថា ពេលមានករណីអគ្គិភ័យឆាបឆេះភ្លាមៗ គ្មានបងប្អូនអាជីវករណាម្នាក់បានជញ្ជូនសម្ភារៈ ឬមុខទំនិញណាមួយបានឡើយ ព្រោះពេលមានការភ្ញាក់ផ្អើល អណ្តាតភ្លើងបានឆាបឆេះពេញបន្ទុកទៅហើយ បើទោះជាមានអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យបែបណាក៏ដោយ៕




