ផ្ទុះអាវុធមួយប្រាវ ចាប់បានក្រុមចោរប្លន់ ចំនួន៤នាក់ នៅស្រុកសាលាក្រៅ

0

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការស៊ើបអង្កេតស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណី កំហែងយក(ប្លន់) ។

យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ករណីនេះកើតឡើង នៅវេលាម៉ោង១៨និង៣០នាទី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ចំណុចដីចំការជាប់អូរ ស្ថិតក្នុងភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ករណីខាងលើ កម្លាំងនគរបាលជំនាញ បានចុះសហការ ធ្វើស៊ើបអង្កេតស្រាវជ្រាវ ស្វែងរកមុខសញ្ញា ក្នុងករណីប្លន់ ប្រដាប់អាវុធ តាំងពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ ព្រឹកថ្ងៃទី១៩ ខែកក្កដា ដោយមានការសង្ស័យ ពីកន្លែងលាក់ខ្លួន របស់ជនង្ស័យ កម្លាំងបានធ្វើការបែងចែក ជា០២ក្រុម ដឹកនាំកម្លាំងលោកវរសេនីយ៍ត្រី ឡោ ពុធអធិការរង ពេលម៉ោង០៧និង៣០នាទីព្រឹក នៅចំណុចចម្ការដំឡូ ខាងកើតសៃឡូតាឡិ ក៏មានម៉ូតូ០១គ្រឿង បើកឆ្លងកាត់ដោយ មានការសង្ស័យ ក៏បានហៅសាកសួរ តែជនសង្ស័យ មិនឈប់ដោយព្យាយាម បើកគេច ហើយកម្លាំងបាន ប្រដេញតាម ដល់ចំណុចកើតហេតុ នៅវេលាម៉ោង ជនសង្ស័យក៏បានផ្ទុះអាវុធ មកលើកម្លាំងសមត្ថកិច្ច ចំនួន០៥គ្រាប់ កម្លាំងក៏បានតបតវិញ ក្នុងការប្រើសិទ្ធិ ការពារខ្លួន ។

សមត្ថកិច្ចបន្តថា រហូតដល់វេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបានបន្តស្រាវជ្រាវស៊ើបអង្កេត ឈានទៅឃាត់ខ្លួនសង្ស័យចំនួន០៤នាក់ មាន៖
-ជនសង្ស័យទី១ឈ្មោះ វ៉ៃ អិ ភេទប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
-ជនសង្ស័យទី២ឈ្មោះ ស្រស់ វណ្ណនេត ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
-ជនសង្ស័យទី៣ឈ្មោះ បុល រ័ត្ន ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
-ជនសង្ស័យទី៤ឈ្មោះ យឿន ឈួន ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទំនប់ ឃុំស្ទឹងត្រង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

វត្ថុតាងដកហូតរួមមាន ៖ អាវុធខ្លីកែច្នៃចំនួន ០១ដើម, អាវុធវែងកែច្នៃប្រើខ្យល់ចំនួន ០១ដើម , កាំបិតខ្លីចំនួន ០១ដើម ,គ្រាប់កាំភ្លើងAK ចំនួន ០៧ ។

ករណីនេះ កម្លាំងជំនាញបាន កសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង អនុវត្តបន្តតាមនីតិវិធី ៕