ភ្នំពេញ៖ ក្រុមនារីជឿនលឿន ២ក្រុម អង្គុយផឹកស្រាក្រឡុកសុខៗ ស្រាប់តែឌឺដងដាក់គ្នា រហូតហក់វាយគ្នាផ្អើលភ្ញៀវ និងអ្នកលក់ រត់ជាន់ជើងគ្នា ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៥ទាបភ្លឺ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តុបកប់ស្រូវ តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារី ពីរក្រុមដោយម្ខាងមានគ្នា ៩នាក់ និងម្ខាងទៀតមានគ្នា៧នាក់ បានចូលមកអង្គុយផឹកស្រាក្រឡុក នៅហាងស្រាក្រឡុក បន្ទាប់មកក៏កើតជាការឌឺដងដាក់គ្នាទៅវិញទៅមក រហូតឈានទៅដល់កើតជាហិង្សា ស្ទុះវាយគ្នាទៅវិញទៅមកបង្កការ ភ្ញាក់ផ្អើលដល់ភ្ញៀវដទៃទៀត និងប្រជាពលរដ្ឋរត់ជាន់ជើងគ្នា និងរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់បានភ្លាមៗយកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលចោមចៅទី៣។
ក្រោយពីធ្វើការសាកសួរ ពួកគេបានទទួលកំហុសសុំទោសគ្នាទៅវិញទៅមក និងធ្វើកិច្ចសន្យាអប់រំ ឱ្យត្រឡប់ទៅផ្ទះវិញផងដែរ ៕





