ភ្នំពេញ ៖ អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង រួមជាមួយយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៣០នាទី លោកវរសេនីយ៍ឯក ឈឿន គឹមស៊ុង នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះប្រតិបត្តិការបង្ក្រាបករណីលួច (កាត់ខ្សែភ្លើង) នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ពេជ្រ អារុណ ហៅ រុន ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួលស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ។
ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួច(កាត់ខ្សែភ្លើង) នៅចំណុចអគារជួលមួយកន្លែង ស្ថិតនៅក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣និង០០នាទី របស់ជនរងគ្រោះឈ្មោះ ណែម សុភានីម ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិសំរោងតាកុក ឃុំសំរោងតាកុក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖ – ខ្សែលួសពណ៌ទង់ដែង ចំនួន៦ដុំ -កន្ត្រៃកាត់ចំនួន០២ កូនកាំបិត ចំនួន០១ ។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕