ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកព្រះនេត្រព្រះ ចាប់ឃាត់ខ្លួននៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ វេលាម៉ោង០៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ពីបទ រួមភេទជាមួយអនីតិជន ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា នៅថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២១ ឈ្មោះ ម៉ាក ខាន់ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះថា កាលពីវេលាម៉ោង០១រំលងអធ្រាត្រ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គាត់បាត់ចៅស្រីឈ្មោះខ.ល.ត អាយុ១៣ឆ្នាំនៅផ្ទះជាមួយ ។ លុះនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ គាត់បានទៅរកចៅស្រី ឃើញនៅនឹងផ្ទះឈ្មោះ ព្រួញ មករា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ហើយនាំចៅ មកផ្ទះវិញ ។ តាមការសាកសួរចៅស្រី គាត់ប្រាប់ថា នៅយប់នោះដេកនៅផ្ទះឈ្មោះ ព្រួញ មករា ត្រូវបានឈ្មោះមករា រួមភេទជាមួយបានសំរេច ចំនួន ០២លើក ។
លោកអធិការ ឲ្យដឹងទៀតថា ក្រោយពីទទួលបានបណ្តឹងពីជីតា និងស្តាប់ការបំភ្លឺ របស់ក្មេងស្រីរងគ្រោះ កម្លាំងនគរបាលស្រុក បានចុះទៅធ្វើការនាំខ្លួនឈ្មោះ ព្រួញ មករា យកមកសួរនាំ នៅអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ តាមបញ្ជា របស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួល ពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ដោយផ្អែកលើបណ្តឹង របស់ជីតាក្មេងស្រីរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ ព្រួញ មករា គឺពិតជាបានរួមភេទ ជាមួយក្មេងស្រី ជាអនីតិជន ពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕