ចាប់រថយន្ត​១​គ្រឿង​ លួច​ដឹក​សាច់ជ្រូក​ និងប្រហិត​ ចំនួន​៤​តោន​ មក​ពី​ប្រទេស​ថៃ

0

ភ្នំពេញ ៖​ សាច់​ជ្រូក​កាប់​ចិញ្ច្រាំ​ជា​កង់ៗ​ រួច​ជា​ស្រេច​ដាក់​ក្នុង​ធុង​ស្នោ​ និង​ប្រហិត​ចម្រុះ​សរុប​ចំនួន​៤.០០០​គីឡូក្រាម ​(៤​តោន​)​ដឹក​តាម​រថយន្ត​១​គ្រឿង​ នាំ​ចូល​មក​ពី​ប្រទេស​ថៃ​ តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ត្រូវ​កម្លាំង​អន្តរាគមន៍​ បង្ក្រាប​បទល្មើស​ចលនា​សត្វ​ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ សហការ​ជាមួយ​ ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ នៃ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំ​ដោយ​លោក ​តាន់​ ផា​ន់​ណា​រ៉ា​ ប្រតិភូ​រាជា​រដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ ឃាត់​រថយន្ត​បាន​ នៅ​វេលា​ម៉ោង​៩​ និង​៤១​នាទី​ព្រឹក​ ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២១​ ស្ថិត​ក្នុងភូមិ​ផ្សារ​កណ្ដាល​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

លោក​ តាន់​ ផា​ន់​ណា​រ៉ា​ បាន​ប្រាប់​អ្នក​យក​ព័​ត៍​មាន​ឲ្យ​ដឹង​ថា​ រថយន្ត​ខាងលើ​ម៉ាក​ ISUZU​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ THAILAND​ 81-9741​ ។​ ពេល​កម្លាំង​ឆែកឆេរ​ក្នុង​រថយន្ត​រក​ឃើញ​សាច់​ជ្រូក​កាប់​ចិញ្ច្រាំ​ជា​កង់ៗ​រួច​ជា​ស្រេច​ដាក់​ក្នុង​ធុង​ស្នោ​និង​ប្រហិត​ចម្រុះ​ចំនួន​៤.០០០​គីឡូក្រាម​ នាំ​ចូល​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ដោយ​បាន​ដឹក​ជញ្ជូន​លើស​ពី​ចំនួន​ដែល​បាន​ស្នើ​សុំ​នៅ​ក្នុង​លិខិតអនុញ្ញាត​។​

​ឯកឧត្តម​តាន់​ ផា​ន់​ណា​រ៉ា​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ក្រុមការងារ​បាន​បញ្ជូន​វត្ថុ​តាង​និង​បទល្មើស​ខាងលើ​នេះ​ ទៅ​រក្សា​ទុក​នៅ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ ៕