ត្រៀមខ្លួន! កម្ពុជា សម្រេចចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារនិងយុវវ័យ ចាប់ពីអាយុ១២-១៧ឆ្នាំ ឆាប់ៗនេះ (Video)

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ចេញផែនការ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនកុមារនិងយុវវ័យចាប់ពីអាយុ ១២-១៧ឆ្នាំ ដើម្បីឲ្យមានភាពស៊ាំនៅក្នុងសង្គម ដែលអាចឈានទៅដល់ ការបើកឡើងវិញនូវសង្គមសេដ្ឋកិច្ច ពិសេសសាលារៀន ។

តាមរយៈសារជាសំឡេងពិសេសមួយ នៅព្រឹកថ្ងៃទី១៦ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដោយមានការគិតគូរយ៉ាងម៉ត់ចត់ ទៅលើបរិយាកាសភាពស៊ាំក្នុងសង្គម និងគិតគូរទៅដល់អនាគតរបស់កុមារ និងយុវជន។ ជាពិសេសផ្តោតការយកចិត្តទុកដាក់ ទៅលើសុខុមាលភាពពាក់ព័ន្ធ ការបើកឡើងវិញនូវសាលារៀន ដែលជាការបាត់បង់ដ៏ធំធេង របស់ពិភពលោក ក៏ដូចជាកម្ពុជាក្នុងការ បណ្តុះបណ្តាលធនធានមនុស្ស ដែលសាលាត្រូវបានបិទក្នុងរយៈពេលយូរ ដូច្នេះពិតប្រាកដណាស់យើងមាន តម្រូវការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ» ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលកុមារត្រៀមខ្លួន ដើម្បីនាំកូននាំចៅទៅចាក់វ៉ាក់សាំង នៅពេលវេលាដែលបានមកដល់ ។ សម្ដេចថា យើងចង់ឱ្យមានភាពស៊ាំនៅក្នុងសង្គម ដើម្បីឈានទៅដល់ការបើកឡើងវិញ នូវសង្គមសេដ្ឋកិច្ច ពិសេសគឺសាលារៀន ដែលយើងបានបិទសាលា ហើយឱ្យរៀនពីចម្ងាយ តាមរយៈប្រព័ន្ធអនឡាញ។ រឿងនេះជាការខាតបង់មួយសម្រាប់យើង។ បើសិនយើងបានចាក់វ៉ាក់សាំងឱ្យកុមារ និងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលា ចាប់ពីអនុវិទ្យាល័យឡើងទៅ ។

សម្ដេចគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះជាជំហ៊ានដំបូង គឺធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ព្រមទាំងខេត្តជាបន្តបន្ទាប់ទៀត ៕