ឈ្លោះគ្នាជាមួយប្រពន្ធ ប្ដីកំណាចដុតផ្ទះខ្លួនឯង ឆេះខ្ទេចគ្មានសល់

0

ភ្នំពេញ៖ ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ប្ដីកំណាចចិត្តខ្លាំង ដុតផ្ទះខ្លួនឯងឆេះខ្ទេចគ្មានសល់ ។ ហេតុការណ៍នេះកើតឡើង កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ ឮសំឡេងឈ្លោះគ្នា ពីរនាក់ប្ដីប្រពន្ធ នៅក្នុងផ្ទះខាងលើដោយ មិនដឹងរឿងអ្វីនោះទេ លុះបានមួយសន្ទុះក្រោយមក ក៏ឃើញមានផ្សែងហុយចេញពីក្នុងផ្ទះ មកខាងក្រៅបង្កការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងបានរាយការណ៍ជូនទៅ សមត្ថកិច្ចចុះមកជួយអន្តរាគមន៍និង បានបាញ់ទឹកពន្លត់ទាន់ពេលវេលាផងដែរ។ ប៉ុន្តែសោកស្តាយដោយផ្ទះ និងទ្រព្យសម្បត្តិមួយចំនួនធំ ត្រូវភ្លើងឆាបឆេះគ្មានសល់។

ជនបង្កជាប្ដីឈ្មោះ ជួន កក្កដា ហៅង៉ែត ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួនយកទៅ ចាត់ការតាមច្បាប់ភ្លាមៗ ៕