ឡូយពេក! ជួលសុទ្ធតែបុរីស្នាក់នៅ ព្រឹកឡើងក្លែងជាសង្ឃ ដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ ពីប្រជាពលរដ្ឋ

0

ភ្នំពេញ៖ ជនសង្ស័យចំនួន១៨នាក់ ក្នុងចំណោមនោះ មានមួយចំនួន ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ធ្វើសកម្មភាពខុសច្បាប់ បង្កឱ្យប៉ះពាល់កិត្តិយស ព្រះពុទ្ធសាសនា ត្រូវបាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ខ្លួន ខណៈជនសង្ស័យ ធ្វើសកម្មភាពស្លៀកពាក់ គ្រងស្បង់ជីវរ ក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាត្ររៃអង្គាសប្រាក់ ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង១៨នាក់ ក្នុងនោះ១៧នាក់ ជាព្រះសង្ឃក្លែងក្លាយ និង០១នាក់ជាតៃកុងឡាន ត្រូវបាននគរបាលខណ្ឌកំបូល ចាប់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលខណ្ឌកំបូល បានទទួលព័ត៌មាន ប្តឹងរាយការណ៍ ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ថាមានមនុស្សមួយក្រុម បានមកជួលផ្ទះ ស្នាក់នៅក្នុងបុរីពិភពថ្មី មួយកន្លែង ក្នុងខណ្ឌកំបូល ហើយនៅពេលព្រឹក បានស្លៀកពាក់គ្រងស្បង់ជីវរក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌកំបូល ជាយូរមកហើយ។

ក្រោយពីទទួលព័ត៌មាន នោះភ្លាម លោកអធិការនគរបាលខណ្ឌកំបូល ក៏បានចាត់កម្លាំងចុះតាមដាន ស្រាវជ្រាវអំពីសកម្មភាព មុខសញ្ញាជនសង្ស័យ។ នៅថ្ងៃខាងលើ ជនសង្ស័យ១០នាក់ ក្នុងនោះគ្រងស្បង់ជីវរ ក្លែងជាព្រះសង្ឃ០៩នាក់ និង០១នាក់ទៀត ជាតៃកុងឡាន ត្រូវបានចាប់ខ្លួន ខណៈ ដែលជនសង្ស័យ តៃកុងឡាន បានបើករថយន្ត ម៉ាកកូរ៉ូឡា ដឹកប្រមូលសង្ឃ ក្លែងក្លាយទាំងនោះ ពីគោលដៅមួយចំនួន ក្រោយពីរៃអង្គាស ប្រាក់ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

បន្ទាប់ពីសាកសួរ ជនសង្ស័យទាំងនេះ ហើយកម្លាំងនគរបាល ខណ្ឌកំបូល ក៏បានបន្តចាប់ខ្លួន ជនសង្ស័យក្លែង ជាព្រះសង្ឃ០៨នាក់ទៀត។ ជនសង្ស័យជាសង្ឃក្លែងក្លាយ បន្ទាប់មកត្រូវបាន ព្រះអនុគុណខណ្ឌកំបូល បានចាប់ផ្សឹកពួកគេ ហើយប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ជីវរ ទៅសមត្ថកិច្ច ដើម្បីឱ្យសមត្ថកិច្ច យកចាត់ការតាមផ្លូវច្បាប់។ ក្នុងចំណោមជនសង្ស័យទាំងនេះផងដែរ មាន០៧នាក់ បានធ្វើតេស្តរកឃើញ ប្រើប្រាស់គ្រឿងញៀន។

លោកអធិការរង ប្រាប់ឱ្យដឹងទៀតថា បើតាមចម្លើយសារភាព ពីជនសង្ស័យប្រាប់សមត្ថកិច្ចថា ពួកគេធ្វើសកម្មភាព ក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាតជាយូរមកហើយ ក្រោមការចាត់ចែង របស់មេខ្យល់ មានឈ្មោះ ម៉េង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ដោយក្នុង០១ថ្ងៃ ពួកគេរៃអង្គាស ប្រាក់បានពី៨ម៉ឺន ទៅ១០ម៉ឺនរៀល ក្នុងនោះមេខ្យល់ឈ្មោះម៉េង តម្រូវបង់ឱ្យគេ ក្នុង០១នាក់ពី៣ម៉ឺនទៅ៣ម៉ឺ៥ពាន់រៀល ក្នុង០១ថ្ងៃ នៅសល់ប្រាក់ប៉ុន្មានទៀត គឺពួកខ្លួន យកមកចាត់ចែងចាយវាយ។

បច្ចុប្បន្នជនសង្ស័យទាំង១៨នាក់ ត្រូវបានកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕