សូមកុំភ័នច្រឡំ៖ ក្រសួងពុំទាន់សម្រេចថា នឹងបើកសាលារៀនវិញ នៅឡើយទេ

0

ភ្នំពេញ៖ លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានប្រកាសច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើទំព័រហ្វេសប៊ុកដែលមានឈ្មោះថា “បាក់ឌុប២០២១” ដែលបានផ្សាយថា “សេចក្តីជូនដំណឹង ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបើកសាលានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះហើយ! ត្រៀមខ្លួនសម្រាប់ការចូលសិក្សានៅក្នុងសាលាសារជាថ្មី…”។ នេះបើយយោងតាមក្រសួងព័ត៌មាន។

លោកបានបញ្ជាក់ថា ៖ “នេះជាព័ត៌មានក្លែងក្លាយ ហើយរហូតមកទល់ពេលនេះ ក្រសួងអប់រំបាន និងកំពុងសិក្សាករណី នៃការបើកសាលារៀនឡើងវិញប៉ុណ្ណោះ (មិនទាន់អនុញ្ញាតឱ្យបើកទេ) ក៏ព្រោះតែស្ថានភាព នៃការរីករាលដាល វីរុសកូវីដ-១៩ នៅកម្ពុជា ហាក់ពុំទាន់ថមថយនៅឡើយ”។

សូមរម្លឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់នៅទូទាំងប្រទេស តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មកម៉្លេះ ដើម្បីបង្ការកុំឱ្យ មានការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំ ដោយតម្រូវឱ្យបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក៕