ចាប់បាន១ រត់រួច២! ចោរលួចទ្រព្យសម្បត្តិ ក្នុងខណ្ឌមានជ័យ

0

ភ្នំពេញ៖ បុរសម្នាក់ត្រូវ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន នៅចំណុចបណ្តោយផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២១ ពីករណីអំពើ ប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ)។

យោងតាម អធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ អេង តុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤៦៥ ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។

វត្ថុតាងចាប់យក ៖ -ម៉ូតូ ០១ គ្រឿងម៉ាក ស្មាសវី ពណ៌ សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AS-២៨៤១ (លេខតួ+លេខម៉ាស៊ីនរលប់មើលមិនច្បាស់), ដែកគាស់ចំនួន ០១ ដើម, ដែកសរសៃលួសចំនួន ០១ កំណាត់ និងទុលឡឺវីសចំនួន ០១ ដើម (របស់ជនសង្ស័យ) ។

ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២១ វេលាម៉ោង ២៣ម៉៣០នាទី កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការល្បាតពួនស្ទាក់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ពេលជិះល្បាត មកដល់ចំណុចបណ្តោយផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ស្រាប់តែប្រទះឃើញ ជនសង្ស័យចំនួន០៣ នាក់ឈ្មោះ អេង តុង ភេទប្រុស អាយុ ២៣ ឆ្នាំ, ឈ្មោះ សុខ ខា ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ធា ភេទប្រុស អាយុ ២៩ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ស្មាសវី ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AS-២៨៤១ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ច យើងបានហៅធ្វើការត្រួតពិនិត្យ ស្រាប់តែជនសង្ស័យ ០២នាក់ ឈ្មោះ សុខ ខា និងឈ្មោះ ធា លោតចុះពីលើម៉ូតូ រួចទម្លាក់ដែកគាស់ចំនួន០១ដើម, ដែកសរសៃលួសចំនួន ០១ កំណាត់ និងទុលឡឺវីស ចំនួន០១ដើម នៅលើផ្លូវក្បែរនោះ ហើយរត់គេចខ្លួនបាត់ ភ្លាមនោះកម្លាំងសមត្ថកិច្ច យើងបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ អេង តុង យកមកធ្វើការសាកសួរ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពុនទី១។

បន្ទាប់ពីធ្វើការសាកសួររួច ជនសង្ស័យឈ្មោះ អេង តុង បានឆ្លើយសារភាពថា រូបគេនិងបក្សពួក ០២ នាក់ឈ្មោះ សុខ ខា និងឈ្មោះ ធា ដែលបានរត់គេចខ្លួនពិត ជាបានដើររកលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ពិតប្រាកដមែន។

ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ អេង តុង កម្លាំងសមត្ថកិច្ចយើងបានធ្វើការចាប់យកវត្ថុតាង ៖ -ម៉ូតូ ០១ គ្រឿងម៉ាក ស្មាសវី ពណ៌ សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AS-២៨៤១ (លេខតួ+លេខម៉ាស៊ីនរលប់មើលមិនច្បាស់), ដែកគាស់ចំនួន ០១ ដើម, ដែកសរសៃលួសចំនួន ០១ កំណាត់ និងទុលឡឺវីសចំនួន ០១ ដើម (របស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ អេង តុង ភេទ ប្រុស អាយុ២៣ឆ្នាំ ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី ៕