ភ្នំពេញ៖ កំលាំងសមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តការ ចុះបង្ក្រាប និងរឹបអូសសាច់ជ្រូក និងគ្រឿងក្នុងជ្រូកជាង ២តោន ដែលនាំចូលពីប្រទេសថៃ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅទីតាំងមួយកន្លែងក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សាច់ និងគ្រឿងក្នុងជ្រូកចំនួន ២.១១៣គីឡូក្រាម មានដូចជា៖ ក្បាលជ្រូក ២៨គីឡូក្រាម, ជើង ៥៦៤គីឡូក្រាម, ពោះវៀន ២៨៨គីឡូក្រាម, បេះដូង ១១៥គីឡូក្រាម, ក្រពះ ៤៥០គីឡូក្រាម, គ្រឿងក្នុងលាយក្បាល ៥៣២គីឡូក្រាម, សាច់លាយឣណ្ដាត ១៣៦គីឡូក្រាម។
ផលិតផលទាំងនេះនាំចូលមកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់ចែកចាយបន្តតាមខេត្តផ្សេងៗ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តំណាងម្ចាស់សត្វឈ្មោះ ទេព សុភាព អាយុ៥២ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុមការងារបានបញ្ជូន វត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕



