ទំនេរអត់ការងារ នាំគ្នាជិះម៉ូតូកាន់កាំបិត ដើររកគូទំនាស់ ដើម្បីសងសឹក តែត្រូវជាប់ខ្នោះសមត្ថកិច្ច

0

ភ្នំពេញ៖ ៖ ក្មេងទំនើង១ក្រុមមានគ្នា០៣នាក់ បានជិះម៉ូតូ០១គ្រឿង ប្រដាប់ដោយកាំបិតគ្រប់ដៃ បង្កអសន្តិសុខ ក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ហើយនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ដោយឃើញសកម្មភាពក្រុមក្មេងទំនើងមានកាំបិតជិះម៉ូតូអូសតាមផ្លូវសាធារណ:ធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាបទាន់ពេលវេលា និងដកហូតកាំបិតផ្គាក់ចំនួន០២ដើម ហើយបញ្ជូនមកបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ កាលពីវេលាម៉ោង០៧និង៥៨នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងទៀតថា ជនសង្ស័យ៖

១/ឈ្មោះ ផូ ភា (ចយ) ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

២/ឈ្មោះ មឿន សុីណែត ភេទប្រុស អាយុ១៧ បច្ចុប្បន្ន រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

៣/ឈ្មោះ ង៉ាម សារុន ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យទាំង៣នាក់ ក្រោយពីកម្លាំងជំនាញ សាកសួររួចមកបានឆ្លើយសារភាពថា ពួកគេបានជិះម៉ូតូ ដោយមានកាំបិតពិតប្រាកដមែន គឺមានគោលបំណង ស្វែងរកក្រុមក្មេងទំនើង មួយក្រុមទៀត ដើម្បីកាប់សងសឹក ពីព្រោះក្មេងទំនើង០១ក្រុមនោះ ធ្លាប់ដេញកាប់ពួកគេកន្លងមក។

ដោយផ្អែកលើ បទល្មើសជាក់ស្ដែង និងផ្អែកការស្ដាប់ចម្លើយ របស់ជនសង្ស័យទាំង០៣នាក់ ទើបកម្លាំងជំនាញ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយទទួលបាន ការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យ ទាំង០៣នាក់ ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ហើយនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ៕