អាសូរណាស់! កម្មករប្រមូលសំរាម ៣នាក់ ត្រូវឡាន CRV បុកពីក្រោយប៉ើងហោះជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់

0

ភ្នំពេញ៖ កម្មករប្រមូលសំរាម ៣នាក់ កំពុងប្រមូលសំរាមតាមដងផ្លូវសុខៗ ក៏ត្រូវរថយន្ត CRV បើកបុកពីក្រោយប៉ើងហោះជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង ២៖១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខផ្សារពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង ៣នាក់រួមមាន៖ ១.ឈ្មោះ ប៉ែន ចាន់ អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ស្លាប់)។ ២.ឈ្មោះ សាន់ ឆៃ ភេទប្រុស អាយុ ២៨ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង (ស្លាប់)។ ៣.ឈ្មោះ ឌួង គង់ អាយុ ៤០ឆ្នាំជាង មានស្រុកកំណើតនៅខេត្តព្រៃវែង (រងរបួសធ្ងន់) ។ អ្នកទាំងបីស្នាក់នៅបន្ទប់ជួលនៅបឹងតាម៉ាត និងមានមុខរបរជាអ្នកប្រមូលសំរាមឲ្យក្រុមហ៊ុន MIZUDA ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្ត ប្រមូលសំរាមរបស់ក្រុមហ៊ុន MIZUDA ក្បាលពណ៌ស ពាក់ស្លាកលេខ 2IT-1093 កំពុងតែប្រមូលសំរាមនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈប្រមូលមកដល់ចំណុចកើតហេតុ ជាប់នឹងផ្សាពោធិ៍ចិនតុង ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហុងដា CRV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-4634 បើកបរដោយយុវជនម្នាក់ និមានអ្នករួមដំណើរជាមួយច្រើននាក់ បានបើកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្របទិសគ្នាមកបុកពីក្រោយចំយុវជន ៣នាក់ ដែលកំពុងប្រមូលសំរាម ប៉ើងខ្ទាតទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ ២នាក់នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់ម្នាក់។ ចំណែកឯក្រុមយុវជននៅក្នុងរថយន្តបង្ក បានបើកទ្វាររត់បាត់អស់ឃាត់ បានតែរថយន្ត និងអ្នកបើកបរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

ពាក់ព័ន្ធករណីនេះដែរ នៅរសៀលថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២១នេះ​ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកសាងសំណុំរឿង​ និងបញ្ជូនជនបង្កគ្រោះថ្នាក់ចរាចរណ៍​ឈ្មោះ​ នេត​ នីសា​ ភេទប្រុស​​ មុខរបរ​នៅផ្ទះ​ ស្នាក់នៅភូមិគោកឃ្លាង​២​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខ​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់​ ៕