ភ្នំពេញ៖ ខាងក្រោមនេះជាសំណេរ របសលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានសរសេររៀបរាប់ពីដំណើររឿង ជុំវិញករណីកូនក្មេងដុតផ្ទះខ្លួនឯង ដែលមិនដល់ទាន់ដល់១ឆ្នាំផង មានករណីនេះ កើតឡើង ២ដងទៅហើយ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១១ កក្កដា លោកអភិបាលស្រុកបន្ទាយស្រី បានសរសេររៀបរាប់ទាំងស្រុងដូចខាងក្រោម៖
កូនក្មេងអាយុ ៣ឆ្នាំ ដុតផ្ទះខ្លួនឯងឆេះអស់ទៀតហើយ! ខ្ញុំនៅតែមិនអស់ចិត្ត ថាហេតុអ្វីបានជារឿងបែបនេះ នៅតែអាចកើតឡើងម្តងហើយម្តងទៀត បានដោយរបៀបណា?
រឿងដ៏គួរឱ្យអកុសលបែបនេះ ធ្លាប់កើតមានឡើងម្តងរួចមកហើយ នៅក្នុងភូមិត្រពាំងថ្មដដែលនេះ កាលពីពេលមិនដល់មួយឆ្នាំផង ហើយសាច់រឿងក៏ស្រដៀងគ្នានឹងករណីមុនដែរ គឺទុកក្មេងតូចៗចោលនៅផ្ទះ មិនមានមនុស្សចាស់មើល បណ្តោយឱ្យលេងភ្លើងរហូតដល់ធ្វើឱ្យឆេះផ្ទះរបស់ខ្លួន ដោយមិនអាចមានអ្នកណាមកជួយពន្លត់ទាន់។ សំណាងហើយដែលមិនមានគ្រោះថ្នាក់ ដល់អាយុជីវិតកូនតូចទាំង២នាក់ ឳពុកម្តាយបានត្រឹមតែរត់មក ដល់ផ្ទះវិញទាំងត្រហេបត្រហប ឈរអោបគ្នាយំមើលទ្រព្យសម្បត្តិ ដែលខ្លួនខិតខំសន្សំរកមកបាន ទាំងអម្បាលម៉ានឆេះត្របាក់លេប ដោយអគ្គីភ័យអស់រលីង ត្រឹមតែក្នុងមួយប៉ប្រិចភ្នែក។ នាំគ្នាខឹងកូន វ៉ៃកូន តែវ៉ៃទៅបានអ្វីមកវិញ? ហើយតើវាពិតជាកំហុស របស់ក្មេងឬយ៉ាងណា?
ទំនួលខុសត្រូវជាឳពុកម្តាយ មានទំហំធំធេងណាស់ បង្កើតជីវិតមកហើយចាំបាច់ត្រូវតែ ទទួលខុសត្រូវចំពោះជីវិតរបស់ពួកគេ ពាក្យថា”ដឹងក្តី“ ទាមទារវ័យ និងអាយុសមស្របណា មួយទើបអាចដឹងសេចក្តី និងដឹងការណ៍ខុសត្រូវបាន ប៉ុន្តែវាប្រហែលជាអ្វីដែលប្តីប្រពន្ធវ័យទើបតែជាង ២០ឆ្នាំ ទាំង២នាក់នេះមិនទាន់អាចស្វែងយល់ បានដោយខ្លួនឯងនៅឡើយទេ។ ម្នាក់រៀនបានត្រឹមថ្នាក់ទី៥ ហើយម្នាក់ទៀតបានត្រឹមថ្នាក់ទី៨តែប៉ុណ្ណោះ ដោយសារតែជីវភាពខ្វះខាត ទាំងពីរនាក់ប្តីប្រពន្ធត្រូវចេញទៅធ្វើការនៅក្រៅផ្ទះ ដោយទុកកូនតូចៗចោលឱ្យនៅលេងនឹងផ្ទះ ចួនកាលក៏ផ្ញើរគេឱ្យជួយមើល ចួនកាលទៀតក៏មិនមានអ្នកមើលឱ្យ។ សម្រាប់ខ្ញុំ បើទោះជាមានពាក់ព័ន្ធ នឹងភាពក្រីក្រដែរក៏ដោយ ខ្ញុំនៅតែដាក់បន្ទុកខ្លាំងទៅលើ ការខ្វះខាតចំណេះដឹងច្រើនជាង ហើយក៏ប្រហែលជាការដែលមិនទទួល បានការអប់រំគ្រប់គ្រាន់នេះហើយដែល ធ្វើឱ្យជីវភាពពួកគាត់នៅតែជួបការលំបាក។
ភាពអវិជ្ជា និងភាពក្មេងវ័យខ្វះបទពិសោធបណ្តាល ឱ្យមានភាពធ្វេសប្រហែស មើលមិនឃើញពីសារៈសំខាន់នៃ ការបំពេញតួនាទីជាឳពុកម្តាយ របស់គេឱ្យបានត្រឹមត្រូវ ហើយគិតថាកត្តាជីវភាព សំខាន់ជាងអ្វីៗទាំងអស់។ ការយល់ឃើញបែបនេះអាចនឹងធ្វើឱ្យកូនៗ របស់ខ្លួនបាត់បង់ឱកាសទទួលបាន នូវការអប់រំដូចជំនាន់របស់ខ្លួនដែរ ដែលអាចនឹងក្លាយទៅជាអន្ទាក់ធ្វើឱ្យពួកគាត់ និងជំនាន់ក្រោយទៀតជាប់នៅក្នុង ភាពក្រីក្រពិបាកនឹងរើខ្លួនចេញរួចបាន។ ខ្ញុំពិតជាសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលជាឳពុកម្តាយ ឬអាណាព្យាបាលបានរៀនសូត្រ ពីបទពិសោធដ៏អាក្រក់មួយនេះ រៀនប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាងមុន ជាពិសេសឱ្យតម្លៃទៅលើការបំពេញកាតព្វកិច្ច នៃការអប់រំបីបាច់ថែរក្សាកូនឱ្យបានល្អប្រសើរជាងមុន។ ពីរនាក់ប្តីប្រពន្ធនេះនៅក្មេងៗនៅឡើយ អាចនៅមានឱកាសច្រើនដើម្បី ចាប់ផ្តើមជីវភាពសារជាថ្មី និងកសាងនូវអ្វីដែលខ្លួនបាត់បង់បាន។
ក្នុងនាមប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី ខ្ញុំបានដឹកនាំក្រុមការងារនាំយកអំណោយ មនុស្សធម៌មួយចំនួនទៅជូនដល់លំនៅឋាន កើតហេតុភ្លាមៗកាលពីពេលថ្មីៗនេះ ដើម្បីបានជួយសម្រាលទុក្ខលំបាកខ្លះៗ ក្នុងពេលដ៏សំខាន់មួយនេះ យ៉ាងហោចណាស់ក៏មិនចាំបាច់ឱ្យ ពួកគាត់គេងហាលភ្លៀងហាលខ្យល់ នៅចំកណ្តាលខែវស្សានេះដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យត្រេកអរបំផុតនោះគឺ «អង្គការលំនៅឋានមនុស្សជាតិកម្ពុជា» បានឆ្លើយតបជាវិជ្ជមានភ្លាមៗ ទៅនឹងសំណូមពរជាពិសេសរបស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីសាងសង់ផ្ទះថ្មីឡើងវិញជាបន្ទាន់ ជូនដល់គ្រួសារដ៏ក្រីក្រមួយនេះផងដែរ ៕