ហ៊ានមែន! ចោរ ២នាក់ លួចកាច់សោរកយកម៉ូតូ ១គ្រឿង នៅក្បែរទីបញ្ជាការវរៈសេនាតូច អន្តរាគមន៍២៦២ តែម្ដង

0

ភ្នំពេញ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី៦ ខែកក្កដា​ ឆ្នាំ២០២១ វេលាម៉ោង ១៧៖៣០នាទី លោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុក​ត្រពាំងប្រាសាទ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងយោធាវរសេនាតូចអន្តរាគមន៍លេខ២៦២ នៃកងពលតូចអន្តរាគមន៍លេខ៦ ចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ដែលធ្វើសកម្មភាព លួចកាច់សោរកយកម៉ូតូ ១គ្រឿង នៅចំណុចក្បែរទីបញ្ជាការវរៈសេនាតូច អន្តរាគមន៍២៦២ ស្ថិតក្នុងភូមិអូររំដេង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យទាំង ២នាក់រួមមាន៖ ទី១. ឈ្មោះ ឈុន ឆៃវ៉េ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិស្រែក្រសាំង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ទី២. ឈ្មោះ អាង សម្បត្តិ ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន​៖ ម៉ូតូ ១ គ្រឿង និង សម្ភារៈសម្រាប់កាច់សោរកម៉ូតូមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញរៀបចំ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីរួចរាល់ ហើយក៏ត្រូវបានចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តឧត្តរមានជ័យ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោស តាមបទបញ្ញត្តិមាត្រា ៣៥៣ និង ៣៥៦ នៃក្រមព្រហ្មទណ្ឌ ៕