ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរបុណ្យ «រុក្ខទិវា» (៩ កក្កដា ១៩៥២ / ៩ កក្កដា ២០២១) ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «បុណ្យ «រុក្ខទិវា» ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនា ដាំដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួម ថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស» ។
សម្ដេចតេជោ ក៏បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើ ថែរក្សាការពារបរិស្ថានធម្មជាតិ ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែលជាសម្បត្តិ របស់មនុស្សជាតិនៅគ្រប់ជំនាន់៕