យុទ្ធនាការ ចាក់វ៉ាក់សាំង ដូសទី១ នៅភ្នំពេញ ត្រូវបានបិទបញ្ចប់ ខណៈប្រជាពលរដ្ឋ ជាង២លាននាក់ បានចាក់ រួចរាល់

0

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញបិទបញ្ចប់ «យុទ្ធនាការជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩» សម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ។

ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ បានបិទបញ្ចប់ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយជោគជ័យ ហើយមិនមានប្រជាពលរដ្ឋណាម្នាក់ គ្រោះថ្នាក់ ឬប៉ះពាល់អាយុជីវិត ដោយសារចាក់វ៉ាក់សាំង កូវីដ១៩ នោះឡើយ។

លោក ឃួង ស្រេង បានបន្ថែមទៀតថា ក្នុងអំឡុងពេលយុទ្ធនាការ ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា សម្រុកមកចាក់វ៉ាក់សាំង នៅតាមកន្លែងដែលអាជ្ញាធរបានកំណត់។

លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានចាប់ផ្ដើមឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ហើយមកទល់ថ្ងៃទី០៧ ខែកក្កដាម្សិលមិញនេះ អ្នកដែលបានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងនៅក្នុងរាជធានីភ្នំពេញ សរុបចំនួន២,១៥២,៥៩៥នាក់ ក្នុងនោះមានប្រមាណ២ម៉ឺននាក់ មិនបានចាក់វ៉ាក់សាំងទេ ដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន មានន័យថា អ្នកបានចាក់សរុប (ដូសទី១) ចំនួន២,១២៨,៧៩១នាក់។

លោកស្រី បានបញ្ជាក់ថា ក្នុងអំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំង ប្រជាពលរដ្ឋមានឆន្ទៈខ្ពស់ណាស់ ក្នុងការចង់ចូលរួមចាក់វ៉ាក់សាំង មិនដូចមនុស្សអគិតមួយចំនួនដែលមានបំណងចង់រារាំងដល់ដំណើរការចាក់វ៉ាក់សាំងនោះទេ។ បើគិតជាភាគរយ នៃចំនួនប្រជាជនសរុបនៅក្នុងរាជធានីភ្នំពេញ ១២០.៦៥ភាគរយ ដែលនេះបញ្ជាក់ថា មានប្រជាពលរដ្ឋមកធ្វើដំណើរមកពីខេត្តផ្សេង មកចាក់វ៉ាក់សាំងនៅភ្នំពេញ។

លោកស្រី ឱ វណ្ណឌីន និងលោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានរិះរក និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យកម្ពុជាអាចទទួលបានវ៉ាក់សាំង ព្រមទាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីការពារជំងឺកូវីដ១៩។ បន្ថែមពីនេះ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានចូលរួមបំពេញកិច្ចការងារចាក់វ៉ាក់សាំងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនខ្លាចនឿយហត់៕