ចាប់ខ្លួនជើងខ្លាំង ប្រចាំភូមិ កាន់ដាវឈរគំរាមកាប់ អ្នកធ្វើដំណើរតាមផ្លូវសាធារណៈ

0

ភ្នំពេញ៖ ក្មេងទំនើងម្នាក់ផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន តែងតែធ្វើសកម្មភាព អុកឡុកបង្កភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ ក្នុងភូមិ ត្រូវបាននគរបាលស្រុកថ្មពួក ចាប់ឃាត់ខ្លួនហើយ នៅវេលាម៉ោង៤នឹង៣០នាទីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មាន ពីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ជនប្រព្រឹត្តល្មើសឈ្មោះឆ្លៃ បូលីន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជននេះ កន្លងមកតែងតែដើរផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន ហើយធ្វើសកម្មភាពបង្កអសន្តិសុខអុកឡុកក្នុងមូលដ្ឋាន និងធ្លាប់ជាប់ក្នុងមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ ចំនួន០២លើករួចមកហើយ។

ប្រភពដដែលបានបញ្ជាក់ថា៖ក្រោយពីចេញពីមណ្ឌលកែប្រែវិញជននេះនៅតែប្រព្រឹត្តនូវអំពើមិនគប្បីដែលសង្គមស្អប់ខ្ពើម ផឹកស៊ីនិងប្រើប្រាស់គ្រឿងញៀនដដែលនិងជិៈម៉ូតូស្រែកឡូឡា ព្រមទាំងកាន់ដាវសាម៉ូរ៉ៃ បង្កដល់ភាពភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។ ជាក់ស្តែងនៅល្ងាចថ្ងៃទី០៥ ខែកក្កដ ​ជននេះបានធ្វើសកម្មភាព បង្កអុកឡុកឈរកាន់ដាវ នៅតាមផ្លូវសាធារណៈសំឡុតគំរាមកំហែងប៉ុនប៉ងកាប់ ទៅលើប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមដងផ្លូវ នៅក្នុងមូលដ្ឋាន។ ក្រោយពីទទួលបាន ព័ត៌មានកម្លាំងនគរបាលស្រុក បានចេញអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យនិងដកហូតបានដាវសាម៉ូរ៉ៃ ចំនួន០១ដើម។ បច្ចុប្បន្នកំពុងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕